ខេត្តស្វាយរៀង ហាក់កំពុងត្រូវប៉ាន់ខ្លាំង ដោយប៉ុន្មានឆ្នាំកន្លងមកនេះទាក់ទាញ់គម្រោងវិនិយោគទាំងតូច ទាំងធំ មិនចេះដាច់ឱ្យចូលវិនិយោគនៅក្នុងខេត្ត។ ជាក់ស្ដែងយោងតាមបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះ បានឱ្យដឹងថា ខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគចំនួន ៣ បន្ថែមទៀតដែលមានទុនវិនិយោគសរុបរហូតដល់ ២៤.២ លានដុល្លារអាមេរិក និងបង្កើតការងារដល់ប្រជាពលរដ្ឋបានចំនួន ១,០៨៨ កន្លែង។
សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត អំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៩កន្លែង។
២- “XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង។
៣- “LEISGER (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង, មានដើមទុនវិនិយោគប្រមាណ ១៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥១នាក់៕

(រូបតំណាង)
អត្ថបទ៖ លីនី


