ចង់ចំណេញដាច់ចំណង! ម្ចាស់ក្រុមហ៊ុននាំចេញទុរេនមួយនៅក្នុងប្រទេសថៃ ត្រូវបានចាប់ខ្លួន​ដោយសារយកទុរេនវៀតណាមបន្លំជាទុរេនថៃហើយនាំចេញទៅចិន
សេដ្ឋកិច្ច June 23, 2021 Khmernote

ម្ចាស់ក្រុមហ៊ុនទិញផ្លែឈើមួយនៅខេត្ត Chanthaburi ប្រទេសថៃត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ (២១ មិថុនា) កន្លងទៅនេះ ពីបទប្រើប្រាស់វិញ្ញាបនបត្រកសិកម្មល្អ (GAP) និងការអនុវត្តការផលិតល្អ (GMP) ក្លែងក្លាយក្នុងការនាំចេញផ្លែទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិនដោយថាជាទុរេនថៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន thestar។

បើលោក Alongkorn Polabutr ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៍បានមានប្រសាសន៍ថា យើងបានស៊ើបអង្កេតក្រុមហ៊ុនទិញផ្លែឈើមួយដែលមានឈ្មោះថា «Lung Tu Odd» ដែលមានទីតាំងនៅ Khlong Narai នៃខេត្ត Chanthaburi និងបានរកឃើញថា ពួកគេបានប្រើប្រាស់វិញ្ញាបនប័ត្រ (GAP) និង (GMP) ក្លែងក្លាយដើម្បីធ្វើឱ្យទុរេនសដែលពួកគេបាននាំចូលពីប្រទេសវៀតណាម មើលទៅដូចជាទុរេនពីប្រទេសថៃ មុនពេលនាំចេញទៅកាន់ប្រទេសចិន។

យ៉ាងណាមិញ ការស៊ើបអង្កេតបឋមបានបង្ហាញថា ក្រុមហ៊ុននេះបាននាំចូលទុរេនពីប្រទេសវៀតណាមជាង ១៨ តោនដែលត្រូវបានលក់ក្នុងតម្លៃ ៧០ បាតក្នុងមួយគីឡូក្រាម ហើយគ្រោងនឹងនាំចេញទៅប្រទេសចិនក្នុងតម្លៃ ១៦០ បាតក្នុងមួយគីឡូក្រាម។

ជាមួយគ្នានេះលោក Alongkorn បានបន្ថែមថា រដ្ឋមន្ត្រីកសិកម្មនិងសហករណ៍លោក Chalermchai Srion បានបញ្ជាឱ្យមន្ទីរកសិកម្មធ្វើការជាមួយប៉ូលីសនាយកដ្ឋានគយ នាយកដ្ឋានពាណិជ្ជកម្មបរទេស និងនាយកដ្ឋានស៊ើបអង្កេតពិសេស ដើម្បីស៊ើបអង្កេតបណ្តាញរបស់ក្រុមហ៊ុនក៏ដូចជាអ្នកចែកចាយផ្លែឈើដទៃទៀតនៅក្នុងឋេត្តដែលកំពុងដាំដុះទុរេន ដើម្បីការពារការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់ទុរេនថៃនៅក្នុងទីផ្សារពិភពលោក។

គួរបញ្ជាក់ផងដែរថា យោងតាមនាយកដ្ឋានចរចាពាណិជ្ជកម្ម (DTN) ផ្លែទុរេនថៃ នៅតែជាអ្នកនាំមុខទីផ្សារនៅក្នុងប្រទេសចិនដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ ហើយការនាំចេញស្ដេចផ្លែឈើរបស់ថៃ (ទុរេន) ក្នុងត្រីមាសទី១ នៃឆ្នាំនេះទៅកាន់ប្រទេសចិនមានតម្លៃ ១៨៦ លានដុល្លារអាមេរិក កើនឡើង ១៤% ពីមួយឆ្នាំទៅមួយឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ thestar