រដ្ឋាភិបាលថៃ ត្រៀមអញ្ជើញអ្នកធ្វើ blog មកពីជុំវិញពិភពលោក ដើម្បីផ្សព្វផ្សាយពីអង្ករ ខណៈការនាំចេញធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេល ២ទសវត្សរ៍មកនេះ
សេដ្ឋកិច្ច June 21, 2021 Khmernote

បរិមាណនៃការនាំចេញអង្កររបស់ថៃបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍កាលពីឆ្នាំមុន ដោយសារតែកង្វះកុងតឺន័រ ការកើនឡើងថ្លៃដឹក និងគ្រោះរាំងស្ងួតដែលបានកាត់បន្ថយផលិតកម្ម។ ហើយជាលទ្ធផលប្រទេសថៃបានធ្លាក់ ទៅជាប្រទេសនាំចេញអង្ករធំលំដាប់ទី៣ នៅលើពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា និងវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។

សារព័ត៌មានដដែលបានឱ្យដឹងបន្ថែមថា ដោយសារតែវិបត្តិកូវីដ ធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ ប្រទេសថៃបាននាំចេញអង្ករបានតែ ៥.៧២ លានតោនប៉ុណ្ណោះ ដែលជាការថយចុះ ២៤.៥% ក្នុងឆ្នាំ ២០២០ ធៀបទៅនឹងឆ្នាំ ២០១៩ ។ ជាមួយគ្នានោះដែរ ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារប្រាក់បាតឡើងថ្លៃ ដែលធ្វើឱ្យតម្លៃអង្ករថៃឡើងថ្លៃជាងគូប្រជែង ជាហេតុផលធ្វើឱ្យអតិថិជនជ្រើសរើសផលិតផលដែលមានតម្លៃថោកពីប្រភពផ្សេងទៀត។

យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហានេះនិងបង្កើនការនាំចេញអង្ករ រដ្ឋាភិបាលថៃបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមអ្នកនាំចេញអង្ករថៃក្នុងយុទ្ធនាការ “ គិតពីអង្ករនឹកដល់ប្រទេសថៃ” ។ គោលដៅរបស់វយុទ្ធនាការនេះ គឺដើម្បីលើកកម្ពស់ការនាំចេញតាមរយៈបណ្តាញ និងសកម្មភាពតាមអ៉ីនធឺណេតដូចជា ការអញ្ជើញអ្នកធ្វើវិដេអូ blog មកពីជុំវិញពិភពលោក មកទទួលយកបទពិសោធន៍អង្ករថៃ និងដើម្បីសហការជាមួយភាគីផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រាប់ធញ្ញជាតិនៅក្នុងប្រទេសផ្សេងៗ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost