ចង់ដឹងទេ?? លក្ខណៈពិសេសរបស់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ដែលមានតម្លៃ ២ពាន់លានដុល្លារអាមេរិក មានអ្វីខ្លះ?
សេដ្ឋកិច្ច June 21, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ លោក ជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចំរុះចុះបំពេញបេសកកម្មពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន សាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

យ៉ាងណាមិញគិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ ដំណើរការសាងសង់សម្រេចបាន ៥៥.០៥% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង កន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន ៤០កន្លែង ស្ពានតូចចំនួន ៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន ០៤ ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩.១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ។

ជាងនេះទៅទៀតនោះ ឆ្លើយតបទៅកាន់សំណួររបស់បងប្អូនប្រជាពលរដ្ឋដែលលើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផ្លូវនេះមានរបងបិទជិតសងខាងផ្លូវ គោក្របីមិនអាចឆ្លងកាត់បានទេ និងអាចបើកបានក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលវេលាធ្វើដំណើរប្រមាណ ពីរម៉ោងអាចទៅដល់ក្រុងព្រះសីហនុ និងសាងសង់តាមលក្ខណៈបច្ចេកទេស។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុពន្លឿនការងារសាងសង់របស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅខែកញ្ញា ឆ្នាំ២០២២ និងបានសំណូមពរឱ្យក្រុមហ៊ុនពិនិត្យ លទ្ធភាពអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដើម្បីបានស្វែងយល់ពីផ្លូវនេះ៕

អត្ថបទ៖ លីនី