សម្ដេចតេជោ ហ៊ុន​ សែន ស្នើឱ្យកាតាបើកការហោះហើរត្រង់ឡើងវិញ និងវិនិយោគបង្កើតរោងម៉ាស៊ីនកិនស្រូវ ផលិតជាអង្ករនៅកម្ពុជា នាំចេញទៅក្រៅប្រទេស
សេដ្ឋកិច្ច May 8, 2024 Khmernote

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យប្រទេស​កាតាបើកការហោះហើរត្រង់រវាងកាតា និងកម្ពុជាឡើងវិញ និងស្នើពិនិត្យលទ្ធភាពជំរុញការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី ឬបង្កើតរោងម៉ាស៊ីនកិនស្រូវ ផលិតជាអង្ករនៅកម្ពុជា នាំចេញទៅក្រៅប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានស្នើបែបនេះ នៅក្នុងឱកាសដែលសម្ដេចតេជោ អនុញ្ញាតឱ្យឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា (State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។

នាឱកាសនោះ សម្ដចតេជោ បានលើកឡើងថា ប្រទេសយើងទាំងពីរមានកិច្ចការធ្វើច្រើន ដោយសារថាកាតាជាប្រទេសដែលមានសន្តិសុខថាមពល ហើយកម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង មានផលិតផលកសិកម្មច្រើនជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទីដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេ ។ កម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសប្រមូលទិញស្រូវ ស្តុកទុកក្នុងឃ្លាំង បើករោងចក្រកិនស្រូវ និង កែច្នៃ វេចខ្ចប់ ហើយនាំចេញទៅក្រៅប្រទេស និងមានវិធានភាពអនុគ្រោះជាច្រើនដល់វិនិយោគិនពីបរទេស។

សម្ដេចតេជោ បានរំឭកថា កាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឱ្យការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុបមកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។

ឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះ សម្តេច ដែលបានពន្យល់យ៉ាងក្បោះក្បាយអំពីបរិយាកាសវិនិយោគ ឯកឧត្ដម បានគូសបញ្ជាក់ថា មូលហេតុដែលឯកឧត្ដម មកទីនេះគឺដើម្បីគាស់នូវអ្វីៗដែលជាផលប្រយោជន៍ប្រទេសទាំងពីរឱ្យមានដំណើរការឡើងវិញ។ឯកឧត្ដម សន្យាថានឹងខិតខំទាក់ទាញវិនិយោគិន ពីកាតា មកកម្ពុជាក៏ដូចជានាំវិនិយោគិនពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ ។ ឯកអគ្គរដ្ឋទូតបានលើកឡើងថា កំពុងតែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។ កាតាមានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពល ប្រេង ឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយកាតាក៏កំពុងពិនិត្យ សិក្សាពី Qatar Airlines ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗ៕

អត្ថបទ៖ លីនី