យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា ទឹកប្រាក់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនជាង ១០០លានដុល្លារ ត្រូវបានទម្លាក់មកឱ្យកម្ពុជា សម្រាប់គម្រោងការពារធនធាន ព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះ ដើម្បីធានាអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅកម្ពុជានៅថ្ងៃទី១៧ ខែមិថុនានេះ បញ្ជាក់ថា ប្រជាជនអាមេរិក និងប្រជាជនកម្ពុជា មានបំណងរួមគ្នា ដើម្បីការពារធនធានធម្មជាតិដ៏មានតម្លៃរបស់ផែនដី ដើម្បីទទួលបានការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព ខណៈនិន្នាការប្រែប្រួលអាកាសធាតុ និងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ បានក្លាយជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ។
សេចក្តីថ្លែងការណ៍ បន្តថា ទោះបីប្រទេសកម្ពុជា បានបោះជំហានយ៉ាងសំខាន់ក្នុងការការពារបរិស្ថានក៏ដោយ ក៏សហរដ្ឋអាមេរិកបានបង្ហាញ ការព្រួយបារម្ភម្តងហើយម្តងទៀតអំពីអត្រានៃការកាប់បំផ្លាញព្រៃឈើខ្ពស់នៅក្នុងតំបន់ការពារ ជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID បានវិនិយោគធនធានសំខាន់ៗ តាមរយៈជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ដើម្បីស្វែងរកដំណោះស្រាយលើការការពារព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា និងពិភពលោក។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦មក ទីភ្នាក់ងារ USAID បានចូលរួមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល លើការងារការពារព្រៃឈើនៅកម្ពុជា តាមរយៈបង្កើនល្បាតរបស់អនុរក្ស ការបណ្តុះបណ្តាល ការអនុវត្តន៍ច្បាប់និងការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងតំបន់ការពារជាតិ ពិសេសក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ គម្រោងព្រៃឡង់បៃតងពី USAID កំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជាទៅលើការកំណត់ បែងចែកតំបន់ការពារក្នុងតំបន់ដែនជម្រកសត្វព្រៃនៅលើផ្ទៃដីជាង ៣លាន ៣សែនហិកតា ដែលគ្របដណ្ដប់ក្នុងខេត្តចំនួន៤រួមមាន៖ ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងមានផែនការបោះបង្គោលព្រំកំណត់តំបន់ការពារធម្មជាតិ ឱ្យបានយ៉ាងហោចណាស់៥០ ភាគរយ នៅត្រឹមឆ្នាំ២០៣០ សំដៅទប់ស្កាត់ការទន្ទ្រានយកខុសច្បាប់ពីប្រជាពលរដ្ឋ និងជនខិលខួច ខណៈប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប ដោយព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕



ប្រភព៖ ក្រសួងព័ត៌មាន


