ធនាគារពិភពលោក អះអាងថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ ប៉ុន្តែនៅមិនប្រាកដប្រជា
សេដ្ឋកិច្ច June 19, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារពិភពលោក អះអាងថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងងើបឡើងវិញបន្តិចម្តងៗ ជាមួយការព្យាករណ៍ទុកថា នឹងទទួលបានកំណើនជិត៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់៣,១ ភាគរយ ក្នុងឆ្នាំ២០២០។ ទោះជាយ៉ាងនេះក្តី បើតាមការបញ្ជាក់របស់ធនាគារពិភព លោកជាថ្មីនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បង្ហាញថា ការងើបឡើងវិញនេះមានលក្ខណៈមិនដូចគ្នាទេនៅតាមផ្នែកនានានៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ ដោយសារតែមួយផ្នែកនៃវិធានការបិទខ្ទប់ ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភព លោកប្រចាំកម្ពុជា មានប្រសាសន៍ថា វិស័យមួយចំនួនមានការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ។ វិស័យកសិកម្មនៅរក្សាភាពធន់បានគួរសមដោយសារតែមានតម្រូវការខ្លាំង អមដោយការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជា និងចិនបានចុះហត្ថលេខាជាមួយគ្នា។ ផ្នែកឧស្សាហកម្មផលិត ក៏បានងើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួនទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។ អាជីវកម្មបោះដុំ និងលក់រាយបានប្រឹងងើបឡើងវិញយឺតៗដែរ នៅពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញបន្តិចម្តងៗ។

ផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវា ដូចជាផ្នែកស្នាក់នៅ ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅតែបន្តរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែហូរចូលឥតដាច់ ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសផងដែរ។ របាយការណ៍បច្ចុប្បន្នភាពរបស់ធនាគារពិភពលោក បានផ្តល់អនុសាសន៍ថា កម្ពុជាគួរតែចាត់វិធានការភ្លាមៗ ដើម្បីលើកកម្ពស់ភាពជឿជាក់របស់ទីផ្សារ តាមរយៈការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ទន្ទឹមគ្នានឹងការប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុស និងការស្លាប់ ឱ្យមានប្រសិទ្ធភាពបន្តទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន