រដ្ឋាភិបាលថៃ ប្តេជ្ញាដោះស្រាយ និងសម្រួលបំណុលជូនប្រជាជន ក្រោយប្រជាជនជាប់បំណុលកាន់តែច្រើនទៅៗ
សេដ្ឋកិច្ច June 16, 2021 Khmernote

រដ្ឋាភិបាលថៃ បានប្តេជ្ញាដោះស្រាយបំណុលកម្រិតខ្ពស់ក្នុងគ្រួសាររបស់ប្រជាជន ដែលបំណុលទាំងនេះកើតឡើងដោយសារការប្រើកាតឥណទាន និងប្រាក់កម្ចីផ្ទាល់ខ្លួន ហើយផ្តល់នូវវិធានការណ៍ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកក្នុងរយៈពេលវែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangok Post។

នាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បាននិយាយកាលពីថ្ងៃអង្គារថា ទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ រួមទាំងធនាគារថៃ (BoT) កំពុងត្រូវបានបញ្ជាឱ្យពន្លឿនដោះស្រាយបន្ទុកបំណុលក្នុងចំណោមក្រុមមនុស្សផ្សេងៗគ្នា។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ ប្រសិនបើប្រជាជនមានបន្ទុកបំណុលខ្ពស់ ជាពិសេសប្រជាជននៅវ័យក្មេង នោះវានឹងប៉ះពាល់ដល់ពួកគេពេញមួយជីវិត”។

យ៉ាងណាមិញ យោងតាមឧត្តមសេនីយ៍ ប្រាយុធ គណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារបានទទួលស្គាល់បញ្ហាបំណុលដែលប្រជាជនថៃជាច្រើនបានជួបប្រទះ ជាពិសេសនិស្សិត គ្រូបង្រៀន មន្ត្រីរាជការ អ្នកបង់រំលួសរថយន្តនិងម៉ូតូ និងអ្នកដែលបានខ្ចីប្រាក់ផ្ទាល់ខ្លួន។ លោកបានបន្ថែមថា ក្នុងរយៈពេលប្រាំមួយខែ ទីភ្នាក់ងារដែលពាក់ព័ន្ធត្រូវកាត់បន្ថយអត្រាការប្រាក់នៃប្រាក់កម្ចីផ្ទាល់ខ្លួន មីក្រូហិរញ្ញវត្ថុនិងម្ចាស់បំណុលខ្នាតតូច គ្រូបង្រៀននិងសហករណ៍ក៏ដូចជាអាជីវកម្មបង់រំលោះរថយន្តនិងម៉ូតូ។

លោកបានបន្តទៀតថា ទីភ្នាក់ងារដែលពាក់ព័ន្ធក៏ត្រូវរៀបចំផែនការដោះស្រាយបំណុលសម្រាប់ប្រាក់កម្ចីនិស្សិត ប្រាក់កម្ចីផ្ទាល់ខ្លួន បំណុលទៅស្ថាប័នហិរញ្ញវត្ថុឯកទេសនិងសហករណ៍ និងប្រាក់កម្ចីរបស់សហគ្រាសធុនតូចនិងមធ្យម។ ជាងនេះទៅទៀត យោងតាមឧត្តមសេនីយ៍ ប្រាយុធ រដ្ឋាភិបាលនឹងចេញវិធានការណ៍ដើម្បីជួយស្ថាប័នហិរញ្ញវត្ថុនៅដំណាក់កាលបន្ទាប់ ដើម្បីផ្តល់អត្រាការប្រាក់ទាបជាងមុននិងផ្តល់វិធានការជំនួយ ដើម្បីជួយដល់យុវជននិងអ្នកចូលនិវត្តន៍ដែលមានបន្ទុកបំណុល។ ហើយរដ្ឋាភិបាលក៏បានសន្យាថា នឹងបង្កើតទីភ្នាក់ងារថ្មីដើម្បីត្រួតពិនិត្យអាជីវកម្មបង់រំលោះរថយន្ត និងម៉ូតូផងដែរ។

គួរបញ្ជាក់ថា បំណុលគ្រួសារថៃមានចំនួន ១៤ ទ្រីលានបាតក្នុងឆ្នាំ ២០២០ ស្មើនឹង ៨៩.៣% នៃផលិតផលក្នុងស្រុកសរុប។ យោងតាមទិន្នន័យពីធនាគារកណ្តាលគិតត្រឹមខែធ្នូឆ្នាំ ២០២០ បន្ទុកបំណុលគ្រួសារ គឺជាលទ្ធផលនៃការប្រើប្រាស់កាតឥណទាន និងប្រាក់កម្ចីផ្ទាល់ខ្លួន។ ជាមួយគ្នានេះដែរ (BoT) បានប៉ាន់ប្រមាណថា បំណុលគ្រួសាររបស់ប្រទេសនេះនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២១ បានកើនឡើងប្រហែល ៥% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈនៅត្រីមាសទី៤ ឆ្នាំ ២០២០ បំណុលគ្រួសារថៃកើនឡើង ៣.៩% ពីមួយឆ្នាំទៅមួយឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost