ខេត្តកែបនឹងកាន់តែទាក់ទាញ ខណៈអាជ្ញាធរខេត្តគ្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន២ កន្លែងបន្ថែមទៀត
ទេសចរណ៍ June 15, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធរខេត្តកែបគ្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន ២កន្លែងបន្ថែមទៀត ដើម្បីទទួលបានភ្ញៀវទេសចរកាន់តែច្រើន ក្រោយជំងឺកូវីដ-១៩ មានភាពធូរស្រាល ។ លោក វ៉ៅ សុខា អភិបាលរងខេត្តនិងជាអ្នកនាំពាក្យខេត្តកែប បានមានប្រសាសន៍ថា បើទោះបីជាកម្ពុជាកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏រដ្ឋបាលខេត្តនៅតែបន្ត សកម្មភាពអភិវឌ្ឍខេត្តជាបន្តបន្ទាប់ ដើម្បីឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ជាខេត្តទេសចរណ៍សម្រាកលំហែបែបប្រណិតកម្រិតខ្ពស់នាពេលអនាគត។

លោកបន្តថា បច្ចុប្បន្នឆ្នេរខ្សាច់ក្នុងខេត្ត ដែលមានស្រាប់មានសភាពតូចចង្អៀត ធ្វើឲ្យពិបាកក្នុងការទទួលភ្ញៀវមកកម្សាន្ត ដូច្នេះហើយទើបអាជ្ញាធរខេត្ត ត្រូវតែខិតខំបំពេញបន្ថែមនូវទីតាំងទេសចរណ៍បន្ថែម ជាពិសេសទីតាំងសម្រាកលំហែ តំបន់ឆ្នេរខ្សាច់កម្សាន្ត តំបន់អេកូទេសចរណ៍ជាដើម ដើម្បីលើកកម្ពស់គុណភាពទេសចរណ៍ និងជួយធ្វើឲ្យប្រជាពលរដ្ឋ មានការងារធ្វើបន្ថែមទៀត សំដៅលើកស្ទួយជីវភាពគ្រួសារប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងថែមទៀត។

« ជារួមយើងដឹងហើយថាខេត្តកែបនេះជាខេត្តមួយតូច ហើយដើម្បីកំណត់ចក្ខុវិស័យរបស់ខេត្តនេះគឺវិស័យទេសចរណ៍ជាស្នូល ដូច្នេះយើងមានឆ្នេរសព្វថ្ងៃនេះប្រហែល៤៥០ម៉ែត្រទេ គឺមានភាពតូចចង្អៀត ដែលពិបាកក្នុងការទាក់ទាញភ្ញៀវទេសចរដែរ ដូច្នេះថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមអភិបាលខេត្ត គឺបានខិតខំកៀរគរដៃគូវិនិយោគឯកជន ដើម្បីពង្រីកវិសាលភាពបន្ថែម ដោយសារយើងគិតឃើញថា ឆ្នេរយើងនេះទឹករាក់ យើងអាចកែច្នៃដោយកែលម្អទាំងនេះ ហើយយើងរកខ្សាច់ដែលមានគុណភាពដើម្បីយកមកចាក់បំពេញតាមបណ្ដោយនេះ ដែលអាចធ្វើឲ្យយើងមានកន្លែង លេងថ្មី ហើយពង្រីកវិសាលភាពធំទូលាយ ដែលអាចទទួលភ្ញៀវ ទេសចរបានកាន់តែច្រើនជាងមុន » ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន២កន្លែងបន្ថែមទៀតនោះ ទីមួយគឺមានទីតាំងឆ្នេរខ្សាច់កម្សាន្ត ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២ កែលម្អឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលទីតាំងទាំងពីរនេះ នឹងប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសួនច្បារ ដងផ្លូវធំៗ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើជើងទៀតផង ៕

ប្រភព៖ ក្រសួងព័ត៌មាន