ការរីករាលដាលនៃវីរុស កូវីដ-១៩ នៅក្នុងរោងចក្រថៃ កំពុងបង្កើនការព្រួយបារម្ភថាវិស័យនាំចេញអាចនឹងរងផលប៉ះពាល់ដោយគំរាមកំហែងធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ចបន្ថែមទៀត ខណៈដែលប្រទេសនេះកំពុងព្យាយាមងើបឡើងវិញពីការរីករាលដាលនៃជំងឺរាតត្បាតដល់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា វីរុសកូវីដ-១៩ បានផ្ទុះឡើង នៅតាមរោងចក្រជាង ១៣០ ក្នុងនោះមានរោងចក្រផ្គត់ផ្គង់យីហោអន្តរជាតិដែលមានជាង ៧,១០០ ករណីនៅទូទាំងខេត្តចំនួន ១១។ ការផ្ទុះឡើងក្នុងចំនួនដ៏ច្រើននេះ បានធ្វើឱ្យរោងចក្រ ក្លាយជាប្រភពចម្លងដ៏ខ្ពស់បំផុតមួយក្នុងចំណោមប្រភពចម្លងដ៏ខ្ពស់បំផុតរួមមាន ពន្ធនាគារ និងការដ្ឋានសំណង់។
ជាមួយគ្នានេះដែរ ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា រោងចក្រដែលរងផលប៉ះពាល់គ្រាន់តែជាចំណែកមួយនៃរោងចក្រប្រហែល ៦៣,០០០ នៅក្នុងប្រទេសថៃដែលផ្តល់ការងារដល់ប្រជាជនចំនួន ៣៤ លាននាក់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបារម្ភអំពីផលប៉ះពាល់លើការនាំចេញដែលបានធ្វើឲ្យសេដ្ឋកិច្ចដែលកំពុងជួបការលំបាកផ្លាស់ប្តូរ ខណៈប្រាក់ចំណូលពីវិស័យទេសចរណ៍បានធ្លាក់ចុះ។
លោក Kriengkrai Thiennukul អនុប្រធានសហព័ន្ធឧស្សាហកម្មថៃបានប្រាប់រ៉យទ័រថា គ្រឿងអេឡិចត្រូនិច ស្រោមដៃកៅស៊ូ និងស្បៀងអាហារ ស្ថិតក្នុងចំណោមវិស័យនាំចេញដែលរងការវាយប្រហារដោយការឆ្លងវីរុស។ ទន្ទឹមនឹងនេះក្រុមហ៊ុនផលិតមួយចំនួនដែលរងផលប៉ះពាល់ពីការផ្ទុះឡើងត្រូវកាត់បន្ថយផលិតកម្ម ហើយមួយចំនួន បានបិទទ្វារជាបណ្ដោះអាសន្នតែម្ដង។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២០ ការនាំចេញរបស់ប្រទេសថៃមានចំនួន ៤៥% នៃផលិតផលក្នុងស្រុកសរុប។ សេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកបានធ្លាក់ចុះ ៦.១ ភាគរយកាលពីឆ្នាំមុន ហើយកាលពីខែមុនរដ្ឋាភិបាលបានកាត់បន្ថយការព្យាករណ៍កំណើនផលិតផលសរុបសម្រាប់ឆ្នាំនេះពី ១.៥% ទៅ ២.៥% ពី ២.៥% ទៅ ៣.៥%៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


