មកស្គាល់ខេត្តមួយ កំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជាពី ២០ ទៅ ៣០តោន ក្នុងមួយថ្ងៃ បើទោះបីការធ្វើវារីវប្បកម្មនៅកម្ពុជា ជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន
សេដ្ឋកិច្ច June 12, 2021 Khmernote

យោងតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខេត្តកំពង់ចាម ដែលត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពលមួយរបស់កម្ពុជា បាននិងកំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជារាប់សិបតោន ក្នុងមួយថ្ងៃៗ។

នៅក្នុងសំណេរដែលបានបង្ហោះនាថ្ងៃទី១២ ខែមិថុនានេះ ឯកឧត្តមបានរៀបរាប់ដូច្នេះថា៖ ខេត្តកំពង់ចាម ជាខេត្តមួយដែលប្រជាជនយើងភាគច្រើនបានដឹង និងទទួលស្គាល់ថា ជាខេត្តដែលមានសក្តានុពលក្នុងការដាំដុះដំណាំឧស្សាហកម្ម។ ប៉ុន្តែនាពេលបច្ចប្បន្នខេត្តមួយនេះ ខេត្តកំពង់ចាមបាននិងកំពុងក្លាយទៅជាខេត្តមួយ ដែលបាននិងកំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជា ប្រមាណពី ២០ ទៅ ៣០ តោន ក្នុងមួយថ្ងៃ បើទោះបីការធ្វើវារីវប្បកម្ម នៅកម្ពុជាជាទូទៅ នៅមានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ទាក់ទងទៅនឹងមធ្យោបាយផលិត និងការប្រកួតប្រជែងជាមួយការនាំចូលផលិតផលត្រី របស់ប្រទេសជិតខាងយ៉ាងណាក៏ដោយ ។

ជាក់ស្តែង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះបរិមាណផលចាប់ត្រីចិញ្ចឹមតាមស្រះ និងបែនៅខេត្តកំពង់ចាមដែលវារីវប្បករចាប់លក់មានចំនួនសរុប ៣៤ ៨៤៨ គីឡូក្រាមក្នុងនោះមាន៖ ត្រីឆ្តោ ១៤ ៤៨៤គីឡូក្រាម ត្រីប្រា ១៧ ៤៣០គីឡូក្រាម និងត្រីពោ ២ ៩៣៤ គីឡូក្រាម។

អត្ថបទ៖ លីនី