អាសូរណាស់! ដោយសារកូវីដ បាត់បង់ការងារ លោកយាយវ័យ ៦៤ឆ្នាំម្នាក់ ប្រកាសលក់សរីរាង្គ ដើម្បីជួយគ្រួសារឱ្យរួចផុតពីវិបត្តិកូវីដ
សេដ្ឋកិច្ច June 11, 2021 Khmernote

លោកយាយអាយុ ៦៤ ឆ្នាំម្នាក់ មកពីខេត្ត Nakhon Pathom នៃប្រទេសថៃ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា គាត់ពិតជាចង់លក់ក្រ.លៀនរបស់គាត់ណាស់ ដើម្បីជួយគ្រួសារឱ្យរួចផុតពីវិបត្តិកូវីដ-១៩​ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ដែលបានចុះផ្សាយកាលនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ។

បើតាមប្រភពពីសារព៌ត័មាន ស្រ្តីវ័យចំណាស់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ « គ្រួសាររបស់គាត់មានសមាជិក ៧នាក់ រួមមាន កូនស្រីច្បង កូនប្រុសពីរនាក់ កូនប្រសាស្រី និងចៅ ២ នាក់ រួមទាំងលោកយាយ ​»។ គាត់បានបន្តថា៖ «ការផ្ទុះឡើងនៃវីរុស កូវីដ-១៩​ បានបិទភោជនីយដ្ឋានចិនដែលជាកន្លែងគាត់និងកូនប្រុសរបស់គាត់ធ្វើការ ដោយធ្វើឱ្យពួកគាត់បាត់បង់ប្រាក់ចំណូល ខណៈដែលរោងចក្រធ្វើប្រហិតដែលកូនស្រីធ្វើការ បានកាត់បន្ថយប្រាក់ឈ្នួលរបស់នាងដល់ទៅ ២០០បាតក្នុងមួយថ្ងៃ។

លោកយាយដ៏កំសត់នេះបានបន្ថែមទៀតថា លោកយាយបានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលជាមូលហេតុធ្វើឱ្យគាត់មិនអាចធ្វើការនៅការដ្ឋានសំណង់បានទៀតទេ។ លោកយាយបានឱ្យដឹងទៀតថា គាត់ក៏មិនដឹងថា ការលក់ក្រ.លៀនជារឿងផ្ទុយនឹងច្បាប់ ឬអត់នោះទេ ប៉ុន្តែលោកយាយចង់លក់វា​ ខណៈលោកយាយមិនអាចរកជំនួយសង្គ្រោះរបស់របស់រដ្ឋាភិបាលបានទេ ព្រោះគ្មាននរណាម្នាក់នៅក្នុងគ្រួសារមានជំនាញប្រើស្មាតហ្វូនទេ។

យ៉ាងណាមិញ អ្នកជិតខាងបានបរិច្ចាគអាហារ ដើម្បីជួយគ្រួសាររបស់លោកយាយដ៏កំសត់នេះមួយគ្រា ឱ្យឆ្លងផុតវិបត្តិកូវីដ-១៩ដែលកំពុងកើតមានក្នុងប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា ការបរិច្ចាគសរីរាង្គទៅសាច់ញាតិត្រូវបានអនុញ្ញាតិតាមច្បាប់ថៃ ប៉ុន្តែការទិញនិងលក់សរីរាង្គត្រូវបានហាមឃាត់៕

(រូបតំណាង)

(រូបតំណាង)

អត្ថបទ៖ លីនី
ប្រភព៖ nationthailand