កូរ៉េខាងត្បូង នឹងបើកភ្លើងខៀវឱ្យពលរដ្ឋខ្លួនដែលចាក់វ៉ាក់សាំងរួច អាចធ្វើដំណើរកម្សាន្តទៅប្រទេសនានា នៅដើមខែកក្កដា ខាងមុខនេះ
ទេសចរណ៍ June 11, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា​​ លោកនាយករដ្ឋមន្រ្តីកាលពីថ្ងៃពុធប្រកាសថា ប្រទេសកូវ៉េខាងត្បូង នឹងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនដែលចាក់វ៉ាក់សាំងរួច ធ្វើដំណើរកម្សាន្តទៅប្រទេសនានា នៅដើមខែកក្កដា ខាងមុខនេះ ប៉ុន្តែត្រូវគោរពតាមវិធានការណ៍ឆ្លើយតបនឹងវីរុសដែលមានស្ថេរភាព។

លោក Kim Boo-kyum បាននិយាយនៅក្នុងកិច្ចប្រជុំអន្តរក្រសួងប្រចាំថ្ងៃស្តីពីការឆ្លើយតបនឹងរោគឆ្លងវីរុសនេះថា៖ “ ចាប់ផ្តើមនៅខែកក្កដា យើងគ្រោងនឹងអនុញ្ញាតឱ្យធ្វើដំណើរជាក្រុមដែលទទួលថ្នាំបង្ការជំងឺកូវីដ-១៩ ពេញលេញ តាមរយៈការពិគ្រោះយោបល់រវាងប្រទេសនានាដែលមានលក្ខខណ្ឌកំចាត់វីរុសដ៏មានប្រសិទ្ធភាព” ។

គួរឱ្យដឹងថា ផែនការនេះបានកើតឡើងនៅពេលដែលអត្រាប្រជាជនដែលចាក់វ៉ាក់សាំងដំបូងនៅទូទាំងប្រទេស ឈានដល់ ១៦.៥% គិតត្រឹមថ្ងៃពុធ។ ជាមួយគ្នានោះដែរ លោក Kim Boo-kyum បានចង្អុលបង្ហាញពីស្ថានភាពធ្ងន់ធ្ងរនៃឧស្សាហកម្មធ្វើដំណើរតាមយន្តហោះនិងទេសចរណ៍ ដែលរងគ្រោះដោយជំងឺរាតត្បាតនេះ ខណៈពេលដែលបានកត់សម្គាល់ឃើញថា ចំនួនមនុស្សដែលរំពឹងថានឹងអាចធ្វើដំណើរកម្សាន្តបរទេសឡើងវិញកំពុងកើនឡើង៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand