យោងតាមការចុះផ្សាយរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា បានឱ្យដឹងថា អូស្រ្តាលីប្រកាសអំពីគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីធ្វើឱ្យភូមិនានាក្នុងប្រទេសកម្ពុជា ដែលមិនមានបណ្តាញអគ្គិសនី អាចមានអគ្គិសនីប្រើប្រាស់។ ប្រភពដដែលបានឱ្យដឹងថា ក្នុងភាពជាដៃគូជាមួយ ក្រសួងរ៉ែនិងថាមពល អគ្គិសនីកម្ពុជា និង អាជ្ញាធរអគ្គិសនីកម្ពុជា ប្រទេសអូស្រ្តាលីកំពុងផ្តល់ជំនួយ រហូតដល់ ២លានដុល្លារអូស្ត្រាលី (ប្រមាណ ១.៥៥លានដុល្លារអាមេរិក) ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដើម្បីជំរុញឱ្យមានការវិនិយោគពីឯកជនក្នុងវិស័យថាមពលកកើតឡើងវិញ នៅតំបន់ដែលមិនមានបណ្តាញអគ្គិសនី។
ជាមួយគ្នានេះដែរ ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានចុះហត្ថលេខា លើឯកសារគម្រោងនេះ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពី ភារធារីស្ថានទូតអូស្រ្តាលី លោក Luke Arnold និងលេខាធិការទី២ លោក Anthony Samson។ ឯកឧត្តមបានមានប្រសាសន៍ថា៖ “ការផ្តល់ថាមពលអគ្គិសនី ដែលអាចទុកចិត្តបាន និងមានតំលៃសមរម្យ ដល់ប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺជាអទិភាពសំរាប់ក្រសួងរ៉ែ និងថាមពល។ ដូច្នេះ វាទាមទារការយកចិត្តទុកដាក់ពិសេសពីរដ្ឋាភិបាលកម្ពុជាដើម្បីភ្ជាប់គម្លាត និងស្វែងរកមធ្យោបាយច្នៃប្រឌិត ដើម្បីពន្លឿនការទទួលបានអគ្គិសនីប្រើប្រាស់ នៅតំបន់ដែលមិនទាន់មានអគ្គិសនី។
បន្ថែមពីនេះ ឯកឧត្តមបានកោតសរសើរការគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការផ្គត់ផ្គង់អគ្គិសនីដល់តំបន់ទាំងនេះ ជាមួយនឹងថាមពលកកើតឡើងវិញ ចេញពីបណ្តាញអគ្គិសនីខ្នាតតូច ក្រៅបណ្តាញបញ្ជូនមេ។“ ភារធារីស្ថានទូតអូស្រ្តាលី លោក Luke Arnold និងលេខាធិការទី២ លោក Anthony Samson បានចូលរួមក្នុងពិធីចុះហត្ថលេខានេះផងដែរ៕



អត្ថបទ៖ លីនី


