រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋ និងគ្រួសារគោលដៅ ដែលជួបបញ្ហាដោយសារជំងឺកូវីដ-១៩
សេដ្ឋកិច្ច June 10, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

ក្នុងសារលិខិតផ្ញើជូនជនរួមជាតិ សម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹង ចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃនេះតទៅ ជូនប្រជាពលរដ្ឋនិងគ្រួសារគោលដៅ ដូចជា ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈ ទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ។ កម្មករ-និយោជិតដែលបម្រើការងារនៅតាមរោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងកាបូប នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និង ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស។

សម្តេចតេជោបន្តថា សូមប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាពដែលទទួលបានការសម្ភាស និងការបញ្ជាក់ពីអាជ្ញាធរ រួចហើយ និងកម្មករ-និយោជិតដែលបម្រើការងារនៅតាមរោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលទទួលបានការបញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវិភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស អញ្ជើញទៅបើកសាច់ប្រាក់នៅបញ្ជរវីងណាមួយដែលនៅជិតផ្ទះ ឬប្រើប្រាស់អែប (App) របស់ធនាគារវីង ក្នុងទូរសព្ទ និងសូមអនុវត្តវិធានការសុខាភិបាល ៣ កុំ ៣ ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

សម្តេចតេជោបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅដែលមានការលំបាកផ្នែកជីវភាព រស់នៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ហើយមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ សូមមេត្តារួសរាន់ក្នុងការទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ក្នុងតំបន់ដែល បងប្អូនកំពុងរស់នៅ ដើម្បីស្នើសុំការសម្ភាស និងកំណត់អត្តសញ្ញាណ នៅតាមឃុំ សង្កាត់ ក្នុងរយៈពេលមួយសប្តាហ៍ដោយគិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះ នៅជំហានបន្ទាប់ ៕

ប្រភព៖ ក្រសួងព័ត៌មាន