ដំណឹងល្អ! អាជ្ញាធររាជធានីភ្នំពេញ ​គ្រោងបើកឱ្យដំណើរការលក់ដូរនៅផ្សាររដ្ឋទាំង ២៥ ឱ្យបានទូលំទូលាយជាងមុន
សេដ្ឋកិច្ច June 9, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងពង្រីកវិសាលភាពនៃការលក់ ដូរនៅតាមផ្សាររដ្ឋទាំង២៥ឱ្យបានទូលំទូលាយជាងមុន ក្រោយពីផ្សាររដ្ឋនានានៅទូទាំងរាជធានីភ្នំពេញ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត ខណៈបានបើកឱ្យដំណើរការប្រមាណ២សប្តាហ៍ហើយនោះ បើទោះបីនៅតាមបណ្ដារោងចក្រសហគ្រាសមួយចំនួននៅតែបន្តឆ្លងជាបន្តបន្ទាប់ក៏ដោយ។

នៅក្នុងកិច្ចប្រជុំតាមរយៈ video conference នៅសាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៨ខែមិថុនាម្សិលម៉ិញ​ ឯកឧត្តម​ ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ផ្សាររដ្ឋទាំង២៥ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចបើកឱ្យដំណើរការ លក់ដូរឡើងវិញប្រមាណ២ សប្ដាហ៍កន្លងមកហើយ ដោយលក់ជាគ្រឿងឧបភោគ បរិភោគ ត្រី សាច់ ជាដើម ។ ប៉ុន្តែមកដល់ពេលនេះក្រោយ ពីបើកឱ្យដំណើរការឡើងវិញនោះ ឃើញថានៅតាមផ្សាររដ្ឋទាំង២៥មិនមានការឆ្លងរាល ដាលជំងឺកូវីដ-១៩នោះទេ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកវិសាលភាពនៃការបើកផ្សារទាំង២៥នេះ ឱ្យបានធំទូលាយជាងមុន ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមបញ្ជាក់ថា មុននឹងការបើកវិសាលភាពផ្សារឱ្យបានទូលំទូលាយជាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកោះប្រជុំជាមួយនឹងគណៈកម្មការផ្សារទាំង២៥ ជាមុនសិន ដើម្បីពិនិត្យលទ្ធភាពថា តើយើងគួរតែពង្រីកវិសាលភាពផ្សារឱ្យបានក្នុងកម្រិតណា ។ ក្រោយពីមានការប្រជុំពិភាក្សាគ្នាហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដើម្បីជម្រាបជូនទៅគណៈកម្មការផ្សារទាំង២៥ និងសាធារណៈជនឱ្យបានជ្រាបជាព័ត៌មាន ដោយសារតែប្រជាពលរដ្ឋភាគច្រើនបំផុតហើយ បានចេះការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្ត៣កុំ៣ការពារបានល្អ មានន័យថា ពួកគាត់ចេះរស់នៅក្នុងបរិបទថ្មី កូវីដ-១៩នេះតែម្តង៕

ប្រភព៖ ក្រសួងព័ត៌មាន