ក្ដីសង្ឃឹមកសិករខ្មែរ! រដ្ឋាភិបាលចិនសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសដំណាំ ២ប្រភេទនេះ
សេដ្ឋកិច្ច June 9, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលចិនសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។ ការសន្យាខាងលើនេះបង្ហាញ បានបង្ហាញឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្នុង​ឱកាសដែលឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីនៃក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាជាមួយលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាផ្នែកមួយនៃទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្ដូរទស្សនកិច្ចអំពីការលើកតម្កើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ក្រសួងការបរទេសបានស្រង់លទ្ធផលជំនួបនេះថា លោក Wang Yi បានរម្លឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិនដល់ការអភិវឌ្ឍន៍ជាិតរបស់កម្ពុជា និងការពារឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដី។ ជាមួយគ្នានោះ ចិនក៏បានសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ពិសេសអង្ករ និងស្វាយផងដែរ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្ដងទៀត នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើវិស័យជាច្រើនទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន៕

ប្រភព៖ ក្រសួងព័ត៌មាន​