រុស្ស៊ី ពិចារណាផ្ទេរ បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដរបស់ខ្លួន « Sputnik V » ទៅកាន់ប្រទេសវៀតណាម
សេដ្ឋកិច្ច June 9, 2021 Khmernote

ប្រទេសរុស្ស៉ី ពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Covid-19 របស់ខ្លួនគឺ Sputnik V ទៅកាន់ប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnaminsider។ លោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធបានមានប្រសាសន៍នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាលោក Vuong Dinh Hue ថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមដំណើរការពិចារណាផ្ទេរបច្ចេកវិទ្យារបស់វ៉ាក់សាំង Sputnik V ទៅកាន់ប្រទេសវៀតណាមហើយ។

សារព័ត៌មាន​ដដែលបានឱ្យដឹងថា រុស្ស៉ីពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងរបស់ខ្លួននេះ គឺស្របពេលដែល ការឆ្លងរាលដាលនៃរលកវីរុស Covid-19 ថ្មីរបស់វៀតណាមបានកើនឡើងដល់ ៦,០៤៥ នៅព្រឹកថ្ងៃពុធ ដោយមានករណីថ្មីចំនួន ៤១ ជាប់ទាក់ទងទៅនឹងសួនឧស្សាហកម្មភាគខាងជើង។

ជាការឆ្លើយតប ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ីចំពោះការបរិច្ចាគវ៉ាក់សាំង Sputnik V ចំនួន ១០០០ដូស និងកិច្ចព្រមព្រៀងថ្មីៗដើម្បីជួយប្រទេសនេះទទួលបានវ៉ាក់សាំងបន្ថែមចំនួន ២០ លានដូសទៀត។ ជាមួយគ្នានោះដែរ ភាគីទាំងពីរ ក៏បាននិងកំពុងធ្វើការដើម្បីស្វែងរកវិធី ដើម្បីផ្តល់វ៉ាក់សាំងបន្ថែមទៀតពីប្រទេសរុស្ស៊ីដល់ប្រទេសវៀតណាម៕

អត្ថបទ៖​ លីនី
ប្រភព៖ vietnaminsider