សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី កំពុងអង្រួនបេះដូងអ្នកទេសចរជាតិ និងអន្ដរជាតិ
ទេសចរណ៍ June 8, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី បាននិងកំពុងអង្រួនបេះដូងអ្នកទេសចរជាតិ និងអន្ដរជាតិចង់ទៅលេងកម្សាន្តមិនជិនណាយ ដោយសារកោះនេះ បង្ហាញសម្រស់របស់ខ្លួន យ៉ាងស្រស់ស្អាតនៅកណ្ដាលជលសាប្រៀបដូចវិមានទេសចរណ៍អណ្ដែតលើផ្ទៃគង្គា។ លោក អ៊ង ចាន់ទូ ប្រធានសមាគមន៍កោះព្រហ្មចារី បានឱ្យដឹងថា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី ជាទីសក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តបែបអេកូទេសចរជាតិ និងអន្ដរជាតិចង់មកកម្សាន្ដ ហើយចង់លេងម្ដងទៀត។

លោកបានបញ្ជាក់ថា ភ្ញៀវទេសចរដែលមកកម្សាន្ដនៅសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីនេះ អាចបោះតង់សម្រាកនៅពេលរាត្រី មើលថ្ងៃលិច ស្រូបខ្យល់អាកាស ស្ដាប់សំឡេងបក្សាបក្សីលាន់ឮរំពងនៅតាមព្រៃព្រឹក្សា ចុះលេងទឹក និងទទួលទានអាហារយ៉ាងឆ្ងាញ់ពិសារបស់ប្រជាសហគមន៍ ដែលធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ និងបំ បាត់ការហត់នឿយពីការងារ ។

លោកបន្ថែមថា ការធ្វើដំណើរទៅកាន់សហគមន៍នេះ គឺខុសពីការទៅទស្សនានៅតំបន់ទេសចរណ៍ផ្សេងទៀត ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូក កាណូតកាត់ដងទន្លេមេគង្គ នៅកំពង់ចម្លងឫស្សីចារ- ជ្រោយ បន្ទាយ ដើម្បីបានឆ្លងទៅដល់សហគមន៍អេកូទេសចរណ៍នៃប្រជុំកោះនៅក្នុងក្ដីសុបិន្ត។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា សហគមន៍នឹងពង្រឹងសេវា អនាម័យ បរិស្ថាន និង ចូលរួមការពារអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ដឱ្យកាន់តែច្រើន ។

សូមបញ្ជាក់ថា កោះព្រហ្មចារី ជាផ្នែកដ៏សំខាន់មួយនៅក្នុង«សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកសម្បូរ ខេត្តក្រចេះ ពោលគឺមានចម្ងាយប្រមាណជិត ២០ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ ធម្មជាតិដ៏ស្រស់ត្រកាលនៅតាមទីប្រជុំកោះនេះ គឺផ្សារភ្ជាប់ទៅនឹងសក្តានុពលដ៏សម្បូរបែបនៃដងទន្លេមេគង្គ៕

ប្រភព៖ ក្រសួងព័ត៌មាន