ប្រសើរណាស់! កម្ពុជាបង្កើតរោងចក្រផលិតបេតុងកៅស៊ូដោយខ្លួនឯង ដើម្បីបម្រើដល់តម្រូវការបេតុងកៅស៊ូសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
សេដ្ឋកិច្ច June 7, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតរោងចក្រផលិតបេតុងកៅស៊ូដោយខ្លួនឯង ដើម្បីបម្រើដល់តម្រូវការបេតុងកៅស៊ូសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលកំពុងមានការអភិវឌ្ឍនៅទូទាំងប្រទេស ខណៈតម្រូវការបេតុងកៅស៊ូ ត្រូវបានបញ្ជាទិញពីក្រៅប្រទេស។

រោងចក្រផលិតបេតុងកៅស៊ូ(ASPHALT CONCRETE PLANT) មួយកន្លែងដំបូងនេះ ត្រូវបានសាងសង់ឡើងស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈនៅតំបន់នោះបាននិងកំពុងធ្វើការស្ថាបនាផ្លូវជាច្រើនខ្សែ ដើម្បីតភ្ជាប់គមនាគមន៍ដឹកជញ្ជូន។

ថ្លែងប្រាប់អ្នកសារព័តមាន ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់រោងចក្រផលិតបេតុងកៅស៊ូនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រោងចក្រនេះនឹងតម្លើងរួចរាល់ជាស្ថាពរក្នុងរយៈពេល ៣ខែខាងមុខនេះ ហើយនឹងមានសមត្ថភាពផលិតបេតុងកៅស៊ូបាន ១២០តោន ក្នុងមួយម៉ោង ដើម្បីជួយសម្រួលដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់មានដូចជា៖ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣, ផ្លូវជាតិលេខ៤១ ជាដើមនេះ ឱ្យមានគុណភាព ប្រើប្រាស់បានយូរអង្វែង និងកាត់បន្ថយ ការចំណាយថវិកាជាតិ។ រោងចក្រនេះតម្លើង និងបណ្តុះបណ្តាលបច្ចេកទេស ដោយក្រុមហ៊ុន សៀងហៃ ប្រទេសចិន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រៅពីបម្រើសេវាដល់ផ្នែករដ្ឋ គឺក្រុមហ៊ុនឯកជន ក៏អាចទិញកៅស៊ូ (AC)ពីរោងចក្រនេះបានផងដែរ ខណៈនៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងសាងសង់រោងចក្រផលិតបេតុងកៅស៊ូនេះមួយទៀតនៅក្នុងខេត្តបាត់ដំបង ដែលតំបន់នោះ ក៏បាននិងកំពុងមមាញឹកក្នុងការអភិវឌ្ឍផ្លូវ ថ្នល់ដែរ។ ឯកឧត្តម មានប្រសាសន៍ថា ការបញ្ជាទិញបេតុងកៅស៊ូពីក្រៅប្រទេស បានធ្វើឱ្យកម្ពុជាចំណាយថវិកាច្រើន ហើយថែមទាំងត្រូវចំណាយ ពេលដឹកជញ្ជូនទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន