រំភើបណាស់! រដ្ឋាភិបាលជប៉ុនផ្តល់រថយន្តគិលានសង្រ្គោះ ៣០គ្រឿងបន្ថែមទៀតដល់កម្ពុជា
សេដ្ឋកិច្ច June 5, 2021 Khmernote

រដ្ឋាភិបាលប្រទេសជប៉ុន បានផ្តល់រថយន្តគិលានសង្រ្គោះ ៣០គ្រឿងបន្ថែមទៀតដល់កម្ពុជា នេះបើយោងតាមហ្វេសប៊ុកផេករបស់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ ពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះ ៣០គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននេះ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

បើស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍និងសម្ភារៈចាំបាច់ផ្សេងៗទៀត ។ ជប៉ុនសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព៏ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩។

គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ជប៉ុនផ្ដល់រថយន្តគិលានសង្គ្រោះចំនួន ៣៥គ្រឿងម្ដងរួចមកហើយ ដោយចំនួននោះគឺស្ថិតក្នុងចំណោម១០០គ្រឿង ដែលជាជំនួយឥតសំណង ស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម របស់ប្រទេសជប៉ុន ជូនក្រសួងសុខាភិបាល សម្រាប់ការងារទប់ស្កាត់ការរាលដាលនៃជំងឺ កូវីដ-១៩ នៅកម្ពុជា៕

អត្ថបទ៖ លីនី