ថៃ ជោគជ័យលើការផលិតវ៉ាក់សាំង និងត្រៀមចាក់នៅក្នុងប្រទេសរួមទាំងនាំចេញទៅប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតនៅខែក្រោយនេះហើយ
សេដ្ឋកិច្ច June 5, 2021 Khmernote

ប្រទេសថៃបានចាប់ផ្តើមចែកចាយវ៉ាក់សាំង AstraZeneca ដែលផលិតនៅក្នុងស្រុក មុនពេលចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ ក្រសួងសុខាភិបាលថៃបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានទទួលវ៉ាក់សាំង AstraZeneca ដំបូងចំនួន ១.៨ លានដូសដែលផលិតដោយក្រុមហ៊ុនផលិតឱសថថៃ Siam Bioscience ដែលក្រុមហ៊ុនបានយល់ព្រមជាមួយក្រុមហ៊ុនអង់គ្លេសកាលពីខែតុលា ដើម្បីផលិតវ៉ាក់សាំងរបស់ខ្លួននៅក្នុងស្រុក។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃគ្រោងនឹងចាប់ផ្តើមដំណើរការការចាក់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសខ្លួននៅខែនេះ ហើយការនាំចេញវ៉ាក់សាំងទៅប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតនឹងចាប់ផ្តើមនៅខែកក្កដា។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃបានតស៊ូតាំងពីខែមីនា ដើម្បីទប់ទល់នឹងការឆ្លងនៃរលកទីបី។ ហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រទេសនេះបានកត់ត្រាករណីឆ្លងចំនួន ២ ទៅ ៣ ពាន់ករណីក្នុងមួយថ្ងៃៗ។ យ៉ាងណាមិញ ដើម្បីទប់ស្កាត់ការរីករាលដាលនេះ រដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនប្រមាណ ៧០% នៃចំនួនប្រជាជននៅចុងឆ្នាំនេះ ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងខិតខំយ៉ាងខ្លាំងដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងពីក្រុមហ៊ុនផ្សេងៗ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk