អាជ្ញាធរទេសចរណ៍ថៃ កំពុងរៀបចំផែនការថ្មី ដើម្បីបើកដំណើរការប្រទេសថៃឡើងវិញទទួលភ្ញៀវទេសចរ
ទេសចរណ៍ June 5, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងរៀបចំផែនការថ្មីសម្រាប់បើកដំណើរការប្រទេសថៃឡើងវិញ ដោយបានស្នើសុំទៅមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពសេដ្ឋកិច្ច (CESA) កាលពីថ្ងៃសុក្រ។ ការស្នើសុំបើកដំណើរការប្រទេសសម្រាប់ភ្ញៀវទេសចរនេះ គឺស្របពេលដែលដែលចំនួនអ្នកឆ្លងវីរុស Covid-19 នៅក្នុងប្រទេសនៅតែមានកម្រិតខ្ពស់។

ទោះបីជាយ៉ាងនេះក្ដី លោក Siripakorn Cheawsamoot អភិបាលរងផ្នែកទីផ្សាររបស់នៅអាជ្ញាធរទេសចរណ៍ថៃ (TAT) សម្រាប់ទីផ្សារអឺរ៉ុបអាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកបានរៀបរាប់លម្អិតអំពីសំណើដូចខាងក្រោម៖

– Phang Nga ៖ ភ្ញៀវទេសចរបរទេសអាចធ្វើដំណើរកម្សាន្តនៅតំបន់ Khao Lak ដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីខែសីហាតទៅ។
– Krabi៖ ជនបរទេសអាចធ្វើដំណើរទៅកាន់កោះ Phi Phi,Railay និង Koh Ngai ចាប់ពីខែកក្កដា ប៉ុន្តែត្រូវធ្វើចត្តាឡីស័កនៅថ្ងៃដែលមកដល់ ហើយនៅថ្ងៃទី ២ និងថ្ងៃទី ៣ ពួកគេនឹងត្រូវបានអនុញ្ញាតិអោយមានសកម្មភាពនៅក្បែរសណ្ឋាគារ ហើយនឹងអាចធ្វើដំណើរទៅកាន់ទីកន្លែងណាមួយនៅពេលពួកគេចង់ទៅ ដោយត្រូវឆ្លងកាត់ការធ្វើតេស្ត RT-PCR សម្រាប់ Covid-19 នៅថ្ងៃទី ៤ និងទី ៥ ។

វិធានការណ៍ស្រដៀងគ្នានេះនឹងត្រូវអនុវត្តចំពោះកោះ Lanta, Ao Nang និង Thab Khaek ដែលនឹងត្រូវបើកសម្រាប់ភ្ញៀវចាប់ពីខែសីហាខាងមុខនេះ ខណៈ Krabi នឹងបើកឱ្យភ្ញៀវទេសចរចូលទស្សនាចាប់ពីខែតុលាខាងមុខនេះតទៅ។

Surat Thani៖ ជនបរទេសអាចធ្វើដំណើរទៅកាន់កោះ Koh Samui, Koh Pha-ngan និង Koh Tao ចាប់ពីខែកក្កដាខាងមុខនេះតទៅដោយធ្វើតេស្ត RT-PCR និងធ្វើចត្តាឡីស័កសម្រាប់ថ្ងៃដំបូង។ នៅថ្ងៃទី២ និងទី៣ ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យមានសកម្មភាពនៅក្បែរសណ្ឋាគារ ហើយអាចធ្វើដំណើរទៅតំបន់ជាក់លាក់ចាប់ពីថ្ងៃទី៤។ បន្ទាប់ពីបានធ្វើតេស្ត RT-PCR លើកទី២ អ្នកទេសចរអាចធ្វើដំណើរដោយសេរីនៅកោះ Koh Samui, Koh Pha-ngan និង Koh Tao ចាប់ពីថ្ងៃទី ៨ ។

Chiang Mai៖ ជនបរទេសនឹងអាចធ្វើដំណើរទៅកាន់ទីក្រុង Chiang Mai , Mae Rim, Mae Taeng និង Doi Tao ចាប់ពីខែសីហាប្រសិនបើពួកគេធ្វើចត្តាឡីស័កដោយខ្លួនឯងក្នុងរយៈពេល ៧ ថ្ងៃ។ បន្ទាប់ពីនោះពួកគេនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅតំបន់ជាក់លាក់។ ភ្ញៀវទេសចរនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយសេរីនៅក្នុងខេត្តចាប់ពីខែតុលា។

ជាមួយគ្នានេះនោះ TAT ក៏នឹងដាក់សំណើរសម្រាប់ភ្ញៀវទេសចរទៅទស្សនា Chonburi ដោយសេរី (Pattaya, Bang Lamung និង Sattahip), Bangkok, Phetchaburi (Cha-Am), Prachuap Khiri Khan (Hua Hin) និង Buri Ram ចាប់ពីខែតុលា។ លោក Siripakorn ក៏បានមានប្រសាសន៍ថា TAT នឹងស្នើនីតិវិធីប្រតិបត្តិការស្តង់ដារសម្រាប់ «Phuket tourism sandbox» ។ លោកបានមានបញ្ជាក់ថា៖ « នីតិវិធីនេះនឹងអនុវត្តចំពោះជនបរទេសដែលមកលេងកោះ Phuket ដោយមិនមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ” ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand