ត្រៀមដាក់ពាក្យធ្វើការ! ក្រុមហ៊ុនចំនួន​ ២ បោះទុនសរុបជាង ១០លានដុល្លារ សង់រោងចក្របង្កើតការងារជិត ១ពាន់កន្លែងដល់ប្រជាពលរដ្ឋ
សេដ្ឋកិច្ច June 4, 2021 Khmernote

បើទោះបីជាប្រទេសកម្ពុជាកំពុងត្រូវបាន​វាយលុកដោយវីរុសកូវីដ-១៩ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសំខាន់ៗនៅក្នុងប្រទេសក៏ដោយក្ដី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគពីក្រុមហ៊ុនបរទេសឥតស្រាកស្រាន។ ជាក់ស្ដែង យោងតាមផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន IMPAK (CAMBODIA) CO., LTD និង WING CHENG PACKAGING CO., LTD ដែលមានទុនវិនិយោគសរុប ១០.៦ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងប្រទេសចំនួន ៨៤០កន្លែង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន IMPAK (CAMBODIA) CO., LTD មានគម្រោងបង្កើតរោងចក្រផលិតវ៉ាលី និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។

ដោយឡែក ក្រុមហ៊ុន WING CHENG PACKAGING CO., LTD មានគម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង៕

អត្ថបទ៖ លីនី