ប្រទេសចិន ពិចារណាបើកភ្លើងខៀវឱ្យវៀតណាមនាំចូលដំឡូងជ្វា និងម្ទេសឡើងវិញ ក្រោយផ្អាកអស់មួយរយៈ
សេដ្ឋកិច្ច June 4, 2021 Khmernote

ប្រទេសចិនបានយល់ព្រមពិចារណាបន្តការនាំចូលដំឡូងជ្វានិងម្ទេសរបស់វៀតណាមឡើងវិញ បន្ទាប់ពីត្រូវផ្អាកការនាំចូល នេះបើយោងតាមការកិច្ចប្រជុំតាមអ៊ីនធឺណេតកាលពីថ្ងៃទី ៣ ខែមិថុនា កន្លងទៅនេះ។ កិច្ចប្រជុំនេះធ្វើឡើងដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) ក្នុងគោលបំណងដោះស្រាយការរាំងស្ទះបច្ចេកទេស ដើម្បីជំរុញការប្រើប្រាស់ផលិតផលកសិកម្ម ចំពេលមានវិបត្តិ Covid-19។

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Tran Thanh Nam បានមានប្រសាសន៍ថា ភាគីចិនមិនអាចធ្វើដំណើរដើម្បីអនុវត្តវិធានការចាំបាច់សម្រាប់ការចុះហត្ថលេខាលើពិធីសារនាំចេញស្តីពីផលិតផលកសិកសិកម្មជាក់លាក់នោះទេ។ ប៉ុន្តែទោះយ៉ាងណាប្រទេសចិនបានយល់ព្រមអនុញ្ញាត ឱ្យដំឡូងជ្វារបស់វៀតណាមចូលទីផ្សាររបស់ខ្លួនដោយលក្ខខណ្ឌថា តំបន់ដាំដុះនិងក្រុមហ៊ុនវេចខ្ចប់ទាំងអស់ត្រូវបានត្រួតពិនិត្យ និងអនុវត្តវិធានការបច្ចេកទេស ដើម្បីការពារហានិភ័យនៃផលិតផលដែលត្រូវបានឆ្លងដោយសត្វ នេះបើយោងតាមអនុប្រធាននាយកដ្ឋានការពាររុក្ខជាតិនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​លោកស្រី Nguyen Thi Thu Huong។

លោកស្រីបានបន្ថែមថា នាយកដ្ឋាននឹងទាក់ទងអ្នកដាំដំឡូងជ្វានៅ Vinh Long, Dak Lak, និង Dak Nong ដើម្បីចងក្រងឯកសារបច្ចេកទេស។ ទាក់ទងនឹងម្ទេស ប្រទេសចិនបានស្នើឱ្យវៀតណាមបញ្ឈប់ការនាំចេញកាលពីឆ្នាំមុន ប៉ុន្តែរដ្ឋបាលគយរបស់ចិនបានយល់ព្រមលើការបន្តការនាំចេញម្ទេសពីប្រទេសវៀតណាមជាបណ្តោះអាសន្ន ស្របពេលដែលភាគីចិនធ្វើការវិភាគលើហានិភ័យ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus