យោងតាមការស្រាវជ្រាវថ្មី បានឱ្យដឹងថា ព្រលានយន្តហោះ Suvarnabhumi របស់ប្រទេសថៃ មានហានិភ័យខ្ពស់នៃការជន់លិចពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រជាងអាកាសយានដ្ឋានធំៗ ដទៃទៀតនៅក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ប្រភពដដែលបានឱ្យដឹងថា ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងទៅលើអាកាសយានដ្ឋានចំនួន ១៤,០០០ ដោយ Aaron N Yesudian និង Richard Dawson នៃសាកលវិទ្យាល័យ Newcastle ចក្រភពអង់គ្លេសនិងបានចេញផ្សាយនៅក្នុងសៀវភៅគ្រប់គ្រងហានិភ័យអាកាសធាតុចំនួន ៣១ កាលពីខែមុន។ ការវិភាគហានិភ័យរួមបញ្ចូលព័ត៌មានអំពីទីតាំងអាកាសយានដ្ឋាន ការប៉ះពាល់របស់ព្យុះ និងកម្រិតទឹកសមុទ្រនាពេលបច្ចុប្បន្ន និងអនាគតការ តភ្ជាប់និងចរាចរណ៍យន្តហោះ (មុន Covid-19) និងស្តង់ដារការពារទឹកជំនន់បច្ចុប្បន្ន។

ការស្រាវជ្រាវបានបង្ហាញថា ក្នុងចំណោមអាកាសយានដ្ឋានជាង ១៤,០០០កន្លែងនៅទូទាំងពិភពលោកមានជាង ៣៥០ កន្លែងដែលអាចប្រឈមនឹងទឹកជំនន់នៅចុងសតវត្សរ៍នេះ ទោះបីពិភពលោកត្រូវបំពេញគោលដៅនៃកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសក៏ដោយ ហើយប្រសិនបើការផ្លាស់ប្តូរអាកាសធាតុនៅតែបន្តកើតមាននោះ ព្រលានយន្តហោះជិត ៦០០ នឹងប្រឈមគ្រោះថ្នាក់។

យ៉ាងណាមិញ អកាសយានដ្ឋានទាំង ១០ ដែលមានហានិភ័យទឹកជំនន់មានដូចជា៖ ១. Suvarnabhumi Airport ប្រទេសថៃ ២. Wenzhou Longwan International Airport ប្រទេសចិន ៣.Sege Airport, កោះ Solomon ៤. Quanzhou Jinjiang International Airport, ប្រទេសចិន ៥. Changzhou Benniu Airport, ប្រទេសចិន ៦. Ramata Airport,កោះ Solomon ៧. Suavanao Airport, កោះ Solomon ៨. Bosaso Airport, ប្រទេស Somalia ៩. Fera/Maringe Airport, កោះ Solomon Islands ១០. Rennell/Tingoa Airport, កោះ Solomon៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


