នាយករដ្ឋមន្រ្តីជប៉ុន សន្យាផ្តល់ថវិកាចំនួន ៨០០ លានដុល្លារបន្ថែមទៀត ដល់ COVAX ដើម្បីធានាការចែកចាយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍ
សេដ្ឋកិច្ច June 3, 2021 Khmernote

យោងតាម​ការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានសន្យាផ្តល់ថវិកាចំនួន ៨០០ លានដុល្លារបន្ថែមទៀត ដល់ក្របខ័ណ្ឌអន្តរជាតិមួយដែលមានគោលបំណងចែកចាយវ៉ាក់សាំងការពារវីរុស Covid-19​ ដោយស្មើភាពនៅទូទាំងពិភពលោក មានឈ្មោះថា COVAX Facility។

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអំពីវ៉ាក់សាំង តាមរយៈប្រព័ន្ធវិដេអូកាលពីល្ងាចថ្ងៃពុធ ដែលប្រទេសជប៉ុនបានធ្វើជាម្ចាស់ផ្ទះជាមួយសម្ព័ន្ធភាពវ៉ាក់សាំង Gavi ជាក្រុមអន្តរជាតិដែលជំរុញការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ អ្នកចូលរួមរួមមានអនុប្រធានាធិបតីអាមេរិក Kamala Harris អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងអ្នកផ្សេងៗទៀត។

ក្នុងកិច្ចប្រជុំនោះ លោក Suga បានប្រាប់ពួកគេថា ការបែងចែកវ៉ាក់សាំងដោយផ្អែកលើទ្រព្យសម្បត្តិ និងកាលៈទេសៈផ្សេងទៀតរបស់ប្រជាជាតិផ្សេងៗមិនអាចអត់អោនបានទេ។ លោកបានពន្យល់ថា វ៉ាក់សាំងការពារជំងឺ Covid-19 ជាង ៧៦ លានដូសត្រូវបានផ្គត់ផ្គង់ដល់ជាង ១២០ ប្រទេស និងតំបន់តាមរយៈ COVAX រួចមកហើយ។

លើសពីនេះលោកបានមានប្រសាសន៍ថា ភាពសាមគ្គីនិងការប្តេជ្ញាចិត្តកាន់តែច្រើន នឹងចាំបាច់ដើម្បីយកឈ្នះលើវិបត្តិពិភពលោកនេះ។ ហើយប្រទេសជប៉ុននឹងគាំទ្រយ៉ាងពេញទំហឹងចំពោះការចែកចាយថ្នាំបង្ការ ប្រកបដោយសុវត្ថិភាព យុត្តិធម៌ និងមានប្រសិទ្ធិភាពដល់ប្រជាជនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងនោះ លោកបានស្នើឱ្យអ្នកចូលរួមធ្វើការឆ្ពោះទៅរកការសម្រេចគោលដៅនៃការធានាវ៉ាក់សាំងចំនួន ១.៨ ពាន់លានដូស និងធានាថា មានវ៉ាក់សាំង​គ្រប់គ្រាន់ដើម្បីចាក់ឱ្យចំនួន ៣០% នៃចំនួនប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍ និងតំបន់មុនដំណាច់ឆ្នាំនេះ។ សូមបញ្ជាក់ផងដែរថា​ កន្លងមកប្រទេសជប៉ុនបានផ្តល់ប្រាក់ចំនួន ២០០ លានដុល្លារដល់ COVAX ដើម្បីជួយក្នុងការផ្គត់ផ្គង់វ៉ាក់សាំងរួចមកហើយ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk