៥ខែដើមឆ្នាំនេះ ការនាំចេញម្រេចរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម មានសន្ទុះកើនឡើងជាង ៤ពាន់តោន
សេដ្ឋកិច្ច June 1, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួង​ព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ កម្ពុជានាំចេញម្រេចទៅកាន់ប្រទេសវៀតណាមមានសន្ទុះកើនឡើងជាង ៤ពាន់តោន ដោយសារតែឆ្នាំនេះប្រទេសដែលធ្លាប់តែដាំដុះម្រេចបានផ្លាស់ប្តូរមកដំណាំផ្សេងៗវិញ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ម្រេច គឺជាផលិតផលកសិកម្ម ដែលត្រូវបានគេដឹងថា កំពុងមានដាំនៅតំបន់ជាច្រើនជាពិសេសនៅខេត្តកំពត ខេត្តកែប ដែលផលិតផលម្រេចនៅទីនោះ មានតម្លៃខ្ពស់ ដោយសារតែផលិតផលកសិកម្មសម្គាល់ភូមិសាស្ត្រ ។ ក្រៅពីនេះមានដាំនៅកំពង់ចាម ត្បូងឃ្មុំ ខេត្តភូមិភាគឦសាននៃប្រទេសផងដែរ។

ឯកឧត្តមបានបន្តថា សព្វថ្ងៃម្រេចកម្ពុជាពឹងផ្អែកស្ទើរតែទាំងស្រុងលើទីផ្សាររបស់វៀតណាម ហើយផលិតផលម្រេច១ផ្នែកទៀតបាន នាំចេញ ទៅកាន់ទីផ្សារប្រទេសប៊ែលហ្សិក,បារាំង,អាល្លឺម៉ង់,ឥណ្ឌា,ជប៉ុន,កូរ៉េ, ប៉ូឡូញ,រុស្សី, ស៊ុយអែត, កោះតៃវ៉ាន់, អង់គ្លេស,អារ៉ាប់រួម,អាមេរិចនិងសាធារណរដ្ឋឆេក។ រយៈពេល ៥ ខែដើមឆ្នាំ២០២១នេះ ការនាំផលិតផលម្រេចទៅកាន់ប្រទេសវៀតណាម បានជាង ៧០០០តោន ដែលកើនជាងឆ្នាំ២០២០ ចំនួន៤០០០តោន។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា៖ « ម្រេចឆ្នាំនេះគឺមានសន្ទុះកើនឡើង ដោយ៥ខែដើមឆ្នាំនេះ នាំចេញរហូតដល់ជាង ៧០០០តោនហើយកើនឡើងលើសឆ្នាំទៅជាង ៤០០០តោន។ ខ្ញុំសន្និដ្ឋានថាវៀតណាមបានកាត់ម្រេចចោលមួយចំនួនដើម្បីផ្លាស់ប្ដូរដំណាំផ្សេងទើបវៀតណាមប្រមូលទិញពីកម្ពុជារហូតដល់ ៧០០០តោនជាងក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ »។

យ៉ាងណាមិញ បើតាមរបាយការណ៍ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេលជិត៥ខែដើមឆ្នាំនេះ ការនាំចេញម្រេចមានចំនួន ៧ ៤៦១តោន (កើនឡើងចំនួន ១៩៥,២០%) នាំចេញទៅប្រទេសប៊ែលហ្សិកចំនួនជាង ៧តោន សាធារណរដ្ឋឆេកចំនួនជាង ៦តោន ប្រទេសបារាំងចំនួនជាង ១៣ តោន ប្រទេសអាល្លឺម៉ង់ចំនួនជាង ៧០តោន ប្រទេសឥណ្ឌាចំនួន ២៥ តោន ប្រទេសជប៉ុនចំនួនជាង ២តោន ប្រទេសកូរ៉េចំនួនជាង ១តោន ប្រទេសប៉ូឡូញចំនួនជាង ៧តោន ប្រទេសរុស្សីចំនួន ជាង៣០០គីឡូក្រាម ប្រទេសស៊ុយអ៊ែតចំនួនជាង ១តោន កោះតៃវ៉ាន់ចំនួន ១៥ តោន ប្រទេសអង់គ្លេសចំនួនជាង ១ តោន ប្រទេសអារ៉ាប់រួមចំនួន ក្រោម១ តោន សហរដ្ឋអាមេរិកចំនួន ជាង១តោន និងប្រទេសវៀតណាមចំនួនជាង ៧, ៣០៨តោន៕

ប្រភព៖ ក្រសួងព័ត៌មាន