ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម ត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្នត្រឹមកម្រិតថ្នាក់ខេត្ត នៃខេត្តព្រៃវែង(កម្ពុជា) និងខេត្តតៃនិញ(វៀតណាម)
សេដ្ឋកិច្ច May 31, 2021 Khmernote

នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវង ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម បណ្តោះអាសន្នត្រឹមកម្រិតថ្នាក់ខេត្ត នៃខេត្តព្រៃវែង(កម្ពុជា) និងខេត្តតៃនិញ(វៀតណាម) ដែលមានការចូលរួមកងកម្លាំងទាំងបី, មន្ទីរអង្គភាព , សាខាគយ និងរដ្ឋាករ។

នៅក្នុងឱកាសនោះលោក អ៊ុ ប៉ូល័ក្ខ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រុំដែនអន្តរជាតិម៉ឺនជ័យបានលើកឡើងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តបានធ្វើឲ្យច្រកទ្វារព្រុំដែនអន្តរជាតិម៉ឺនជ័យនេះមានការរីកចំរើនយ៉ាងច្រើនជាខ្លាំង។

ក្នុងនោះលោក ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រុំដែនអន្តរជាតិម៉ឺនជ័យបានបន្តទៀតថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ មានទីតាំងភូមិសាស្ត្រខាងកើតទល់នឹងស្ទឹង ឆ្លងស្ពានថ្មជាប់នឹងប៉ុស្តិ៍ ៨៣៣ ស្ថិតនៅក្នុង ភូមិតាំងណាម ឃុំតឹងប៊ិន ស្រុកតឹងបៀង ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មានគោលខ័ណ្ឌសីមាទន្លេព្រំដែន ចែកដាច់ពីគ្នា ដោយយកខ្សែទឹកពាក់កណ្តាលម្ខាងម្នាក់ជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

លោកបានបន្ថែមទៀតថា កម្ពុជាបានសហការជាមួយភាគីវៀតណាមក្នុងការបង្កលក្ខណៈងាយស្រួលដល់ការឆ្លងកាត់ និងការដោះដូរទំនិញលក្ខណៈព្រំដែន ពិសេសទំនិញផ្នែកកសិកម្មជូនប្រជាពលរដ្ឋ, បានសហការជាមួយភាគីវៀតណាមក្នុងការ ក្នុងការហាមឃាត់ដូចជាអំពើរត់ពន្ធ ឧក្រិដ្ឋកម្ម ការជួញដូរ និងបទល្មើសផ្សេងៗឆ្លងដែនខុសច្បាប់ និងបានសហការជាមួយភាគីវៀតណាមក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺផ្សេងៗ ជាពិសេសគឺជំងឺ កូវីដ១៩ ដែលកំពុងកើតមាននៅទូទាំងពិភពលោក ដោយអនុវត្តតាមវិធានការ និងគោលការណ៍ណែនាំរបស់រាជរដ្ឋ ភិបាល និងក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និងពាកុំ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់ មន្ត្រីគយ មន្ត្រីប្រចាំការទាំងអស់ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យនេះបានយ៉ាងល្អប្រសើរ នាពេលកន្លងមកនេះ។ ក្នុងនោះដែរឯកឧត្តម អភិបាលខេត្តនែនាំដល់មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិមិនម៉ឺនជ័យនេះត្រូវបន្តខិតខំធ្វើការងារ ទាំងអស់នេះជាបន្តទៀតឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវការជឿទុកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ ឆ្លងកាត់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលគាត់ដឹកទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិនេះ។

ឯកឧត្តម អភិបាលខេត្តក៏បានលើកឡើងបន្តទៀតថាចំពោះ ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជម្រុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព។

ក្នុងនោះឯកឧត្តម អភិបាលខេត្តក៏នៅតែណែនាំដល់មន្ត្រីប្រចាំការនៅតាមច្រកទ្វារអន្តរជាតិនេះត្រូវតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តឲ្យបាននូវវិធានការ ៣ ការពារ ៣កុំ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ19 រវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ផងដែរថា៖ សង់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ឋនានា សម្រេចបានមួយចំនួន មាន៖ សាងសង់អគារទីស្នាក់ការត្រួតពិនិត្យបណ្តោះអាសន្ន ចំនួន ០១អគារ ស្មើនឹង ០៦បន្ទប់, សាងសង់អគារទីស្នាក់ការត្រួតពិនិត្យជាសំណង់រឹងមាំ ចំនួន ០២អគារ ស្មើនឹង ១៤បន្ទប់, សាងសង់ខ្លោងទ្វាររូបប្រាសាទអង្គរវត្ត ចំនួន ០១, សាងសង់អគារស្នាក់នៅ ចំនួន ០១អគារ ស្មើនឹង ០៧បន្ទប់, សាងសង់ផ្ទះបាយ ចំនួន ០១អគារ, សាងសង់ប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន ១, សាងសង់ផ្លូវសម្រាប់ចរាចរចេញចូល ចំនួន ២ខ្សែ និងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ៕

ប្រភព៖ ក្រសួងព័ត៌មាន