កត្តាកង្វះកុងតឺន័រដឹកជញ្ជូនអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានធ្វើឱ្យការនាំចេញអង្ករមានការធ្លាក់ចុះ ខណៈការបញ្ជាទិញនៅតែមានតម្រូវការខ្ពស់
សេដ្ឋកិច្ច May 31, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះ បានឱ្យដឹងពីការលើកឡើងរបស់ សហព័ន្ធស្រូវអង្ករកម្ពុជាថា កត្តាកង្វះកុងតឺន័រដឹកជញ្ជូនអង្ករទៅកាន់ទីផ្សារអន្តរជាតិបានធ្វើឱ្យការនាំចេញអង្ករធ្លាក់ចុះ ខណៈការបញ្ជាទិញនៅតែមានតម្រូវការខ្ពស់ ពិសេសប្រទេសចិនបន្តការបញ្ជាទិញអង្ករពីកម្ពុជាដដែល ។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករ កម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុង រយៈពេល៥ខែឆ្នាំ២០២១នេះ ការនាំចេញអង្ករមានការធ្លាក់ចុះជាង៣០ភាគរយ ដោយសារជួបវិបត្តិនៃការដឹកជញ្ជូនដោយកង្វះកុងតឺន័រ និងតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៅបន្តកើនឡើងខ្ពស់ រហូតដល់គុណនឹង៥ដង នៃតម្លៃដឹកជញ្ជូនឆ្នាំ២០១៩។

លោកឧកញ៉ាបន្តថា បញ្ហាកង្វះកុងតឺន័រដឹកជញ្ជូនអង្ករបានកើតឡើងជាបន្តបន្ទាប់ ក្រោយពីផ្ទុះឡើងនូវកូវីដ១៩ ហើយបញ្ហានេះ បានប៉ះពាល់ដល់ទីផ្សារអង្ករនៅកម្ពុជា ក្នុងការផ្គត់ផ្គង់អង្ករមិនបានគ្រប់ គ្រាន់ ទៅកាន់ទីផ្សារអន្តរជាតិ ខណៈការបញ្ជាទិញពីដៃគូទិញអង្ករពីកម្ពុជា ដូចជា សហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលី និងប្រទេសចិន ។

«៖ យើងបានឃើញហើយនៅក្នុងឆ្នាំ២០២០យើងធ្វើការនាំចេញអង្ករបានជិត ៧០ ម៉ឺនតោនហើយមានកំណើនកើនឡើងជាង ១០ ភាគរយ។ហើយឆ្នាំ ២០២១ នេះសន្ទុះនៃតម្រូវការមានការហក់ឡើងដែរ ជាពិសេសប្រទេសចិនតែជាអកុសលយើងមានវិបត្តិផ្លូវដឹកជញ្ជូនតាមផ្លូវសមុទ្រ និងត្រូវជួបវិបត្តិពុំមានកុងតឺន័រ ទីពីរពុំមានកប៉ាល់ដែលអាចទទួលនូវទំនិញអង្ករបាន។ហើយទីបីតម្លៃកប៉ាល់កើនឡើងគុណនឹង ៤ និង ៥ដងឯណោះ។ ហើយយើងត្រូវទទួលរងនូវការពន្យារពេលក្នុងការដឹក ជញ្ជូនដោយសារពុំមានលទ្ធ ភាពដឹកជញ្ជូនឱ្យបានដោយឡែកបរិយាកាសនៃការទិញដូរគឺនៅតែខ្លាំងក្លាដដែល»។

លោកឧកញ៉ា សង្ឃឹមថា ពិភពលោកទាំងមូលនិងប្រែមកជាធម្មតាវិញ បន្ទាប់ទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ហើយការដឹកជញ្ជូននេះនឹងងើបឡើងវិញ ដោយមានទូកុងតឺន័រច្រើនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូនឡើងវិញ រីឯតម្លៃដឹកជញ្ជូនវិញក៏អាចមានតម្លៃធូរថ្លៃជាងមុនផងដែរ។

បើតាមរបាយការណ៍ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុង រយៈពេលជិត៥ខែដើមឆ្នាំនេះ ការនាំចេញផលិតផលកសិកម្ម សម្រេចបានជាង ៤លាន១សែនតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១លាន១សែនតោនដែលក្នុងនេះ ការនាំស្រូវចេញបានចំនួន ១លាន៦សែនតោន៕

ប្រភព៖ ក្រសួងព័ត៌មាន