ប្រជាជនក្នុងក្រុងហូជីមិញ នាំគ្នាសម្រុកទៅផ្សារទំនើបទិញស្បៀងទុក បន្ទាប់ពីចេញបទបញ្ជាបិទក្រុង ២សប្ដាហ៍
សេដ្ឋកិច្ច May 31, 2021 Khmernote

ប្រជាជនរស់នៅក្នុងក្រុង ហូជីមិញ ជាច្រើនបាន​ប្រមូលផ្ដុំគ្នានៅផ្សារទំនើប ដើម្បីទិញទំនិញស្តុកទុក បន្ទាប់ពីមានបទបញ្ជាបិទទីក្រុង ហូជីមិញ រយៈពេល ២សប្ដាហ៍ នេះបើយោងតាមការចុះផ្សាយរបស់សារព័តមានវៀតណាម vnexpress។ ប្រភពដដែលបានឱ្យដឹងថា បើទោះបីជាមានការធានាពីមន្ត្រីថាមិនមានកង្វះខាតស្បៀងអាហារក៏ដោយ ក៏ប្រជាជនក្នុងក្រុងនៅតែសម្រុកទៅទិញទំនិញស្តុកទុកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃដដែល។

ជាមួយគ្នានោះមន្ត្រីសាលាក្រុង បានជំរុញឱ្យប្រជាជនកុំភ័យស្លន់ស្លោរ និងកុំប្រញាប់ប្រញាល់ទៅទិញទំនិញ ព្រោះវាអាចបង្កគ្រោះថ្នាក់ ឬ ឆ្លងវីរុស Covid-19 ដែលអាចបង្កឱ្យមានការរីករាលដាលកាន់តែខ្លាំង នៅពេលហ្វូងមនុស្សមិនរក្សាគម្លាតសុវត្ថិភាពពីគ្នា។

គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីរសៀលថ្ងៃអាទិត្យ លោក Nguyen Thanh Phong អភិបាលក្រុង ហូជីមិញ បានដាក់ចេញនូវបទបញ្ជាបិទខ្ទប់ និងការរក្សាគម្លាតសង្គមរយៈពេល ២ សប្តាហ៍សម្រាប់ទីក្រុងទាំងមូល។ យោងតាមបទបញ្ជាដែលតម្រូវឱ្យចាប់ផ្ដើមអនុវត្តនៅថ្ងៃច័ន្ទនេះ តម្រូវឱ្យមានការផ្អាកព្រឹត្តិការណ៍សង្គម ហាមឃាត់ការប្រមូលផ្តុំមនុស្ស ២០ នាក់ ឬច្រើនជាងនេះនៅកន្លែងតែមួយ និងក្នុងចំណោមមនុស្ស ១០ នាក់ ឬច្រើនជាងនេះនៅកន្លែងធ្វើការ សាលារៀននិងមន្ទីរពេទ្យ។

ទន្ទឹមនឹងនោះ ត្រូវរក្សាគម្លាតសង្គមអប្បបរមា ២ ម៉ែត្ររវាងប្រជាជននៅតាមទីសាធារណៈ ,មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំមនុស្សលើសពី ២នាក់នៅទីសាធារណៈ និងស្នើឱ្យប្រជាជនចាកចេញពីផ្ទះសម្រាប់តែការងារចាំបាច់ដូចជា ការទិញអាហារ និងថ្នាំ ឬទៅធ្វើការនៅក្នុងរោងចក្រ កន្លែងផលិតកម្ម និងអាជីវកម្មដែលពាក់ព័ន្ធនឹងទំនិញនិងសេវាកម្មចាំបាច់៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress