កម្ពុជាទទួលបានបរិមាណផលទុរេនជាង ៣ម៉ឺនតោនក្នុង ១ឆ្នាំ ខណៈក្រសួងកសិកម្មកំពុងត្រៀមរៀបចំដាក់ចេញគោលនយោបាយពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេស
សេដ្ឋកិច្ច May 31, 2021 Khmernote

បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ នេះបើតាមការឱ្យដឹងពីឯកឧត្តមវ៉េង សាខុន រដ្ឋមន្ត្រីមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមបន្តថា សព្វថ្ងៃនេះ ការដាំដុះដំណាំទុរេន របស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំ ដោយសារពួកគាត់ មានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ដោយឡែកកសិករមួយចំនួនទៀត ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាការកម្សាន្តតែប៉ុណ្ណោះ ដែលពួកគាត់ធ្វើការដាំដុះទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយក ចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវឡើយ។

ទន្ទឹមនឹងនេះ ការដាំដំណាំទុរេន នៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ ម៉្យាងទៀត តម្លៃទុរេន ក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។ ដូច្នេះកសិករអាចរកប្រាក់ ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេនដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ។ ប្រសិនបើកសិករដាំជាទ្រង់ទ្រាយធំ ឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិ។ ទោះបីជាដំណាំនេះ ទទួលបាន ប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្នន៍តាមបច្ចេសទេសត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាងដិតដល់ទើបទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ដោយបានពិនិត្យឃើញ ដំណាំទុរេនកំពុងតែមានសក្តានុពលទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញ នូវគោលនយោបាយដូចតទៅ៖

– រៀបចំផែនការ និងទិសដៅពង្រីកការដាំដំណាំទុរេន និងដំណាំឈើហូបផ្លែ ដែលមានសក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។

– បង្កើតស្ថានីយបង្កាត់ និងផលិត ពូជទុរេននិងដំណាំហូបផ្លែដែល ពេញនិយមសម្រាប់ផ្គត់ផ្គង់ដល់កសិករ ដើម្បីងាយស្រួល ដាក់លក់នៅលើផ្សារក្នុង និងក្រៅប្រទេស។

– អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីជួយសម្រួលដល់ខ្សែសង្វាក់ផលិតកម្មដំណាំទុរេន និងដំណាំហូបផ្លែផ្សេងទៀត

– បណ្តុះបណ្តាលបច្ចេកទេសដាំដុះទំនើប រួមទាំងបច្ចេកទេស មុន និងក្រោយប្រមូលផលដល់អ្នកដាំដុះឱ្យស្របតាមស្តង់ដារ សុវត្ថិភាព ឆ្លើយតមនឹងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ។

– ចងក្រងសហគមន៍ផលិតដំណាំទុរេន និងដំណាំហូបផ្លែដើម្បីជំរុញផលិតកម្មស្របតាម ស្ដង់ដារនិងតម្រូវការទីផ្សារ។

– លើកទឹកចិត្តដល់វិស័យឯកជនក្នុងការបង្កើតការវិនិយោគ ដើម្បីជំរុញខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេស។

– រៀបចំបង្កើតសហព័ន្ធកសិឧស្សាហកម្មកម្ពុជា ដើម្បីគាំទ្រ លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម កសិឧស្សាហកម្ម និងកសិធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ លីនី