យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថា វៀតណាមបានដឹកជញ្ជូនផ្លែគូលែន ជិត ១០តោន ទៅកាន់ប្រទេសជប៉ុនតាមជើងហោះហើរដែលដែលរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines កាលពីព្រឹកថ្ងៃទី ២៧ ខែឧសភា កន្លងទៅនេះ។ ការនាំចេញនេះ គឺជាជើងទី១ នៅក្នុងរដូវកាលផ្លែគូលែន ក្នុងឆ្នាំ២០២១ នេះ របស់ខេត្ត Bac Giang ភាគខាងជើងនៃប្រទេសវៀតណាម។
ប្រភពដដែលបានឱ្យដឹងថា ជើងហោះហើរដែលដឹកផ្លែគូលែនជិត ១០ តោន ត្រូវបានបញ្ជូនទៅកាន់ទីក្រុងធំៗ ចំនួន ២ របស់ជប៉ុន គឺទីក្រុងតូក្យូ និងអូសាកា។ ការដឹកជញ្ជូននេះ ភ្ជាប់ដោយវិធានការការពារសុវត្ថិភាពក្នុងពេលហោះហើរ និងការការពារវីរុស Covid-19 ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ដើម្បីធានាគុណភាពផលិតផល និងការពារការរីករាលដាលនៃជំងឺនេះ។

លោក Phan The Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang នៅក្នុងពិធីសម្ពោធការដឹកជញ្ជូនផ្លែគូលែនជាលើកដំបូងទៅប្រទេសជប៉ុនបានថ្លែងថា ការដឹកជញ្ចូនលើកទី១ ទៅកាន់ប្រទេសជប៉ុនដែលជាទីផ្សារធំមួយ ជាមួយនឹងស្តង់ដារគុណភាពខ្ពស់បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការទទួលខុសត្រូវក្នុងដំណើរការផលិត និងការទទួលទានផ្លែគូលែនរបស់ប្រទេសវៀតណាម។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំនេះខេត្ត Bac Giang មានចំការគូលែនប្រហែល ២៨,១០០ ហិកតា ដែលមានទិន្នផលប្រមាណជាង ១៨០,០០០ តោនកើនឡើង ១៥,០០០ តោនពីមួយឆ្នាំទៅមួយឆ្នាំ។ ទាំងនេះរាប់បញ្ចូលគូលែនទុំដំបូងចំនួន ៤៥,០០០ តោនដែលប្រមូលផលបានលើផ្ទៃដីប្រមាណ ៦,០៥០ ហិកតារួមជាមួយគូលែនចំនួន ១៣៥,០០០ តោនលើផ្ទៃដី ២២,០៥០ ហិកតា៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


