កម្ពុជា នាំចេញស្រូវ ១.៦០លានតោន និងផលិតផលកសិកម្មជាច្រើនមុខទៀតជាង ៤លានតោន ក្នុងរយៈពេលជិត ៥ខែដើមឆ្នាំនេះ
សេដ្ឋកិច្ច May 26, 2021 Khmernote

យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកិសកម្ម រុក្ខប្រមាញ់និងនេសាទបានឱ្យដឹងថា ជិត៥ខែដើមឆ្នាំនេះ កម្ពុជានាំចេញស្រូវ ១.៦០លានតោន និងផលិតផលកសិកម្មជាច្រើនមុខទៀតជាង ៤លានតោន។ តួលេខនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពនៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែដើមឆ្នាំ ស្របពេលជាមួយនិងការរីករាលដាលនៃជម្ងឺកូវិដ ១៩ ក្នុងសហគមន៍ ២០ កម្ភះ ដែលដឹកនាំដោយឯកឧត្តមផ្ទាល់។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសូមចូលរួមអបអរសាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបានក្នុងរយៈពេលជិត ៥ខែ ដើមឆ្នាំ២០២១ ក្នុងនេះរួមមាន ៖ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រេចបាន ១៤១,៤៥% នៃផែនការ ៤៥៩ ២០០ ហ.ត, ទទួលបានផលសរុប ២,៩៣ លានតោន លើសឆ្នាំទៅចំនួនជាង ៣០០ ០០០ តោន ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៤,៥៣៥ តោន/ហ.ត។ ទន្ទឹមនឹងនោះ ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ សម្រេចបាន ២៧,១៣% នៃផែនការ ២,៦០៩ លាន ហ.ត លឿនជាងឆ្នាំ២០២០ ចំនួន ២០៥ ៣៨២ ហ.ត ។

ដោយឡែកការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤,១៣៦ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១,១១៧ លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួន រួមមាន៖ ការនាំស្រូវចេញបានចំនួន ១,៦០ លាន តោន ចំណិតដំឡូងមី ១,២០ លាន តោន គ្រប់ស្វាយចន្ទី ០,៨០ លាន តោន គ្រប់ពោត ១៣៤ ០៧៩ តោន សណ្តែកបាយ ១១ ១០០ តោន ចេកស្រស់ ១៩៧ ៥៨៨ តោន ផ្លែក្រូចថ្លុង ២១ ១១៨ តោន ផ្លែស្វាយស្រស់ ១៥២ ០៩០ តោន ដំណាប់ស្វាយ ១០ ៥៥៣ តោន ដូងប្រេង ១៩ ៩១៦ តោន ម្រេច ៦ ៧៩៨ តោន និង ម្ទេសស្រស់ ៥៦ ៥០៧ តោន៕

អត្ថបទ៖ លីនី