រដ្ឋមន្ត្រីក្រសួងកសិកម្មអំពាវនាវសារជាថ្មីម្តងទៀត ចំពោះម្ចាស់ចំការស្វាយដែលមានបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន សូមចុះបញ្ជី នៅអគ្គនាយដ្ឋានកសិកម្មជាមុនសិន នេះបើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃគ្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទនាថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២១ នេះ។
ឯកឧត្តមរដ្ឋមន្រ្តី បានសរសេររៀបរាប់ដូច្នេះថា៖ « ដោយពិនិត្យឃើញថា មានសាធារណជន និងម្ចាស់ចំការស្វាយជាច្រើនបានត្អូញត្អែរមកខ្ញុំពីបញ្ហាកង្វះទីផ្សារ ក្រោយពីបានពិនិត្យឃើញការនាំចេញស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួលបានជោគជ័យ នាពេលថ្មីៗនេះ ខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត ជូនចំពោះសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ដែលបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងដែលមិនទាន់បានមកចុះបញ្ជី សូមមេត្តាមកចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម »។

ឯកឧត្តមបានបញ្ជាក់ជូនសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ បានជ្រាបបន្ថែមថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខណ្ឌតម្រូវរបស់ប្រទេសនាំចូល ហើយក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះ គេនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធានការ ផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន។

ទន្ទឹមនឹងនេះ ឯកឧត្តម មានក្តីសង្ឃឹមថា សាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ដែលមិនទាន់បានចុះបញ្ជី ពុំមានការតវ៉ាថាមិនបានទទួលព័ត៌មានគ្រប់គ្រាន់ ឬថាមិនបានដឹង មកខ្ញុំបន្តទៀតឡើយ៕





អត្ថបទ៖ លីនី


