រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យអភិបាលខេត្តជាប់ព្រំដែន ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិត ផលសាច់ជ្រូកខុសច្បាប់ពីវៀតណាម
សេដ្ឋកិច្ច May 21, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ស្នើឱ្យអភិបាលខេត្តជាប់ព្រំដែន ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀត ណាម ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកផ្ទុះឡើងជាថ្មីក្នុងប្រទេសមួយនេះបណ្តាល​ឱ្យសត្វ​ជ្រូកងាប់ជាច្រើន។

យោងតាមសេចក្តីណែនាំ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលវិទ្យុជាតិកម្ពុជា ទទួលបាននាថ្ងៃទី២០ ខែឧសភានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) កំពុងបន្តឆ្លងរាល ដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី ក្នុងនោះមានប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសវៀតណាម មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងទៀតថា ជំងឺនេះបានផ្ទុះនៅក្នុងប្រទេសវៀត ណាម លើកដំបូងស្ទើរតែពាសពេញផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងបន្តផ្ទុះជារៀងរាល់ឆ្នាំ ហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានផ្ទុះនៅក្នុងប្រទេសវៀតណាមម្តងទៀត ដែលអាចនឹងបន្តឆ្លងរាល ដាលយ៉ាងឆាប់រហ័សដល់បណ្តាខេត្ត ដែលមានព្រំ ប្រទល់ជាប់ជាមួយប្រទេសកម្ពុជា រួមមានខេត្តដាក់ណុង ជាប់ខេត្តមណ្ឌលគិរី, ខេត្តយ៉ាឡាយ ជាប់ខេត្តរតនគិរី, ខេត្តដុងថាប់ ជាប់ខេត្តព្រៃវែង, ខេត្តគៀងយ៉ាងជាប់ខេត្ត កំពត, ខេត្តតៃនិញ ជាប់ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង, ខេត្តឡុងអាន ជាប់ខេត្ត ស្វាយរៀង ខេត្តប៊ិញភូ ជាប់ខេត្តក្រចេះ និងខេត្តអានយ៉ាង ជាប់ខេត្តតាកែវ និងខេត្ត កណ្តាល ដែលជាសញ្ញាហានិភ័យខ្ពស់ នៃការឆ្លងរាលដាល ក្នុងលក្ខណៈទ្រង់ ទ្រាយធំ និងធ្ងន់ធ្ងរដល់ព្រះ រាជាណាចក្រកម្ពុជា។

ដូចនេះ ដើម្បីចូលរួមចំណែកក្នុងការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺនេះ ពីប្រទេសជិតខាងចូលមកព្រះរាជាណាចក្រកម្ពុជា និងបង្ការការខាតបង់យ៉ាងធ្ងន់ធ្ងរ ដល់អ្នកចិញ្ចឹមជ្រូក ព្រមទាំងធានាបាននូវគុណភាព សុវត្ថិភាពសត្វជ្រូក សាច់ជ្រូក ផលិតផលសាច់ និងការពារដល់សុខភាពសាធារណៈ ឯកឧត្តមរដ្ឋមន្រ្តី ស្នើរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ជួយទប់ ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ ពីប្រទេសវៀតណាម ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន