ក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែឧសភា នេះបានចុះផ្សាយថា សន្ទុះនៃការស្ថាបនាផ្លូវល្បឿន លឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបាន ៥០ភាគរយហើយ បើគិតមកដល់ខែឧសភា ឆ្នាំ២០២១នេះ ដោយដំណើរការសាងសង់នៅតែបន្តជាធម្មតា បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និង ទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែឧសភានេះ។
លោកបានបន្តថា សន្ទុះនៃការ សាងសង់នេះ គឺដើរទន្ទឹមគ្នានឹងផែនការដែលបានគ្រោងទុក ដោយមិនមានការរាំងស្ទះនោះឡើយ និងរំពឹងថា នឹងរួចរាល់ជាស្ថាពរទៅតាមការគ្រោងទុក។ លោកបញ្ជាក់ថា កម្លាំងពលកម្មទៅលើការដ្ឋាននេះ មិនបានរាំងស្ទះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នោះឡើយ។
តាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋាន សាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ ២,០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ។

តាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឱ្យដឹងថា ការស្ថាបនាផ្លូវក្រាលបេតុងលើខ្សែផ្លូវទាំងមូលបានចាប់ផ្តើមជាផ្លូវការហើយ ខណៈ ស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងផ្លូវនេះ បានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរ។
គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ដោយមានទទឹងតួផ្លូវ ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

នៅលើកំណាត់ផ្លូវនេះ នឹងត្រូវសាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែងមានប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំនិងស្ពានមធ្យមចំនួន ៨០កន្លែងមានប្រវែងសរុប ៦,០១៥ម៉ែត្រ។ ជាមួយគ្នានេះ មានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង ព្រមទាំងសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវចំនួន ៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៩កន្លែង៕

ប្រភព៖ ក្រសួងព័ត៌មាន


