យោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុននេះបន្តិចបានបង្ហាញនូវ ទិដ្ឋភាពប្រាសាទនាគព័ន្ធ ដ៏ស្រស់ត្រកាល ដែលរំលេចជាថ្មីនៅសតវត្សរ៍ទី២១នេះ។ ក្រសួងបានធ្វើការសរសេររៀបរាប់ថា នៅឆ្នាំ២០០៧ បារាយណ៍ជ័យតាដាក(បារាយណ៍ខាងជើង) ត្រូវបានអាជ្ញាធរជាតិអប្សរាលើកតម្លៃនិងបន្តតួនាទីដើមរបស់ខ្លួនឡើងវិញតាមរយៈការជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ ហើយអាងទឹកទាំងប្រាំនៃប្រាសាទនាគព័ន្ធអាចរក្សាទឹកបានខួបប្រាំងខួបវស្សា។ កិច្ចការនេះ ត្រូវបានចាប់ផ្តើមបន្ទាប់ពីអ្នកជំនាញទឹកនៃអាជ្ញាធរជាតិអប្សរា បានរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណកាលពីឆ្នាំ២០០៥។
ការណ៍នេះធ្វើឱ្យបារាយណ៍មានទេសភាពនាដើមរដូវវស្សា ដែលភ្លៀងចាប់ផ្តើមធ្លាក់មក រុក្ខជាតិជុំវិញ ចាប់ផ្តើមបញ្ចេញពណ៌បៃតងខៀវខ្ចី ដ៏ស្រស់បំព្រង គួរជាទីគយគន់ ដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលបានទៅទស្សនាប្រាសាទនាគព័ន្ធ។

គួររំឭកថា បារាយណ៍ជ័យតាដាក (បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ និងមានបណ្តោយ៣៦០០ម ទទឹង៩៣០ម។ បច្ចុប្បន្ន បារាយណ៍នេះកំពុងដើរតួយ៉ាងសំខាន់ដើម្បីទ្រទ្រង់កិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕












ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


