ប្រធាននាធិបតីអាមេរិក Joe Biden បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលត្រូវបានអនុញ្ញាតដោយអាមេរិកយ៉ាងតិច ២០ លានដូសដល់ប្រទេសដទៃទៀត។ ប្រធានាធិបតីដែលជាប់ឆ្នោតថ្មីថ្មោងរូបនេះ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទ ដោយបាននិយាយថា វ៉ាក់សាំងដែលផលិតដោយ Pfizer, Moderna, និង Johnson & Johnson នឹងត្រូវផ្តល់ជូនដល់ប្រទេសដទៃទៀតនៅចុងខែមិថុនា។
ជាមួយគ្នានោះដែរ ការផ្គត់ផ្គង់នឹងត្រូវបានបន្ថែមទៀតជាមួយវ៉ាក់សាំង AstraZeneca ចំនួន ៦០លានដូស ដែលសហរដ្ឋអាមេរិកបានប្រកាសកាលពីពេលមុនថា នឹងត្រូវបរិច្ចាគនៅពេលដែលវ៉ាក់សាំងនេះបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នៅក្នុងសហរដ្ឋអាមេរិក។

ចំពោះការបរិច្ចាគវ៉ាក់សាំងនេះ លោក Joe Biden បាននិយាយថា វ៉ាក់សាំងចំនួន ៨០ លានដូសនេះ គឺជា “ វ៉ាក់សាំងច្រើនជាងប្រទេសណាៗទាំងអស់ ដែលបានចែកចាយចាប់តាំងពីមានវ៉ាក់សាំងការពារ រហូតមកដល់បច្ចុប្បន្ននេះ”។ លើសពីនេះលោកបានសង្កត់ធ្ងន់ថា៖ «សហរដ្ឋអាមេរិក គ្រោងនឹងបរិច្ចាគច្រើនជាងប្រទេសរុស្ស៊ី និងចិន »។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺ Covid-19 ដ៏ធំសម្រាប់ពលរដ្ឋរបស់ខ្លួនដោយ ៤៧% នៃប្រជាជនរបស់ខ្លួនបានចាក់យ៉ាងហោចណាស់មួយដូសរួចមកហើយ។ ជាមួយគ្នានេះដែរ ការចែកចាយវ៉ាក់សាំងនេះបានធ្វើឡើង បន្ទាប់ពីមានការអំពាវនាវកាន់តែច្រើនឡើងៗ ទាំងក្នុង និងក្រៅប្រទេសសម្រាប់សហរដ្ឋអាមេរិកក្នុងការចែករំលែកស្តុករបស់ខ្លួនជាមួយប្រទេសដទៃទៀត៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


