ប្រទេសថៃ បង្កើតវេទិកាមួយលក់ទុរេនទៅប្រទេសចិន លក់ដាច់ខ្លាំង ឯតម្លៃក៏បានខ្ពស់ជាងធម្មតា
សេដ្ឋកិច្ច May 13, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា ការនាំចេញផ្លែទុរេនរបស់ប្រទេសថៃ ទៅប្រទេសចិនបានកើនឡើង ហើយតម្លៃវិញក៏ខ្ពស់ ក្នុងឆ្នាំនេះ ដោយសារមានកម្មវិធីកក់តាមអ៉ីនធឺណិតមួយ ដែលបង្កើតឡើងដោយក្រសួងកសិកម្មនិងសហករណ៍។ លោក Alongkorn Ponlaboot ទីប្រឹក្សាក្រសួងបានឱ្យដឹងថា ទោះបីជាវាត្រូវការពេល ៩ ម៉ោងដើម្បីលក់ទុរេនលើកដំបូងចំនួន ២០តោនក៏ដោយ ក៏លើកទី២ ចំនួន ២៥តោន ត្រូវបានគេទិញអស់ក្នុងរយៈពេល ៤៥ នាទីតាមរយៈវេទិកានេះ។

លោកបានបន្ថែមថា៖ « គម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម សហករណ៍ និងក្រសួងពាណិជ្ជកម្ម ក៏ដូចជាសហករណ៍កសិកម្ម។ កសិករ និងសហករណ៍ នឹងអាចលក់ធូរេនក្នុងតម្លៃខ្ពស់ជាងមុន ដោយសារវេទិកានេះ ដែលអនុញ្ញាតឱ្យកសិករទទួលបានការទិញដោយផ្ទាល់ »។

លោក Alongkorn បានបន្ថែមទៀតថា រដ្ឋមន្រ្តីកសិកម្ មនិងសហករណ៍ Chalermchai Sri-on បានណែនាំដល់មន្ត្រីនានា ឱ្យពង្រីកការលក់ដើម្បីគ្របដណ្តប់លើផលិតផលកសិកម្មផ្សេងទៀត។ ជាងនេះទៅទៀតនោះ សាធារណជន និងពាណិជ្ជករចិនមានការរំភើបនៅពេលដែលពួកគេមានឱកាសទិញផ្លែទុរេនដែលនាំចូលពីខេត្តចន្ទបុរី ប្រទេសថៃ ដោយផ្ទាល់៕

អត្ថបទ៖ លីនី