វៀតណាម បិទតំបន់ឆ្នេរជាច្រើននៅក្នុងប្រទេស បន្ទាប់ពីករណីឆ្លងវីរុសកូវីដ១៩ មានការកើនឡើង
ទេសចរណ៍ May 12, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ thethaiger បានឱ្យដឹងថា តំបន់ឆ្នេរជាច្រើននៅក្នុងប្រទេសវៀតណាមត្រូវបានបិទ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងការរីករាលដាលនៃវីរុស Covid-19 ។ ក្រុមមន្ត្រីនៅទីក្រុង Hai Phong បានបិទឆ្នេរ Do Son និង Cat Co បន្ទាប់ពីមានព័ត៌មានថា មានអ្នកឆ្លងថ្មីចំនួន ៤៧ នាក់ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋធានី Hanoi របស់ប្រទេសនេះ។ ជាមួយគ្នានេះ ឆ្នេរនៅខេត្ត Quang Ninh ដែលមានចម្ងាយ ១៥០ គីឡូម៉ែត្រពីក្រុង Hanoi នឹងស្ថិតនៅភាគខាងកើតរួមមាន៖ Tuan Chau, Quan Lan, និង Ti Top ក៏ត្រូវបានបិទរហូតដល់ថ្ងៃទី ២៣ ឧសភា ក្នុងគោលបំណងរារាំងភ្ញៀវទេសចរមកពីទីក្រុង Hanoi។

មិនតែប៉ុណ្ណោះ នៅភាគកណ្តាលខេត្ត Quang Nam មន្រ្តីសុខាភិបាលក៏បានសំរេចចិត្តបិទឆ្នេរនៅទីក្រុងបេតិកភណ្ឌពិភពលោក Hoi An ។ ខណៈនៅដាណាងដែលមានឆ្នេរសមុទ្រជាង ៣០ គីឡូម៉ែត្រអាជ្ញាធរបានបិទ ដោយឥតកំណត់ថ្ងៃ រហូតដល់ប្រភពនៃការផ្ទុះថ្មីៗនេះត្រូវបានគ្របគ្រង និងធ្លាក់ចុះ។

ជាងនេះទៅទៀតនោះ ទីប្រជុំជនឆ្នេរនៃ Nha Trang និង Phu Yen នៅតំបន់ភាគកណ្តាលបានដាក់របាំងដើម្បីរារាំងការចូលទៅកាន់ឆ្នេរខ្សាច់ ប៉ុន្តែបានបញ្ឈប់ការហាមឃាត់ទាំងស្រុង។ នៅខេត្ត Quang Binh ដំណើរកំសាន្តទៅកាន់រូងភ្នំល្បីៗ នៅឧទ្យានជាតិ Phong Nha-Ke Bang ក៏ត្រូវបានផ្អាកផងដែរ។ តំបន់ទេសចរណ៍ដែលមានប្រជាប្រិយ គឺជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ ហើយល្អាងរបស់តំបន់នេះ ត្រូវបានគេជឿថាជាល្អាងធំជាងគេបំផុតនៅលើពិភពលោក។

គួរបញ្ជាក់ផងដែរថា នៅចន្លោះថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ១០ ខែឧសភា ប្រទេសវៀតណាមបានកត់ត្រាការកើនឡើងនៃការឆ្លងជំងឺ Covid-19 ដោយមានករណីថ្មីចំនួន ៦៣៧ ករណី បន្ទាប់ពីស្ងប់ស្ងាត់ការឆ្លងចាប់តាំងពីពាក់កណ្តាលខែមីនា។ ការផ្ទុះឡើងនូវករណីថ្មីនេះ ត្រូវបានគេយល់ថា ទីក្រុងនិងទីប្រជុំជនចំនួន ២៥ ត្រូវបានរងផលប៉ះពាល់រួមមាន ទីក្រុង Hanoi ដែលមានមន្ទីរពេទ្យរដ្ឋចំនួន ១០ កំពុងជាប់គាំង៕

អងត្ថបទ៖ លីនី
ប្រភព៖ thethaiger