ទេសចរក្នុងស្រុកចាប់ផ្តើមចេញដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ឡើងវិញ ខណៈកាលពីចុងសប្តាហ៍កន្លងទៅមានភ្ញៀវទេសចរផ្ទៃក្នុងជិត ២ម៉ឺននាក់
ទេសចរណ៍ May 11, 2021 Khmernote

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ភ្ញៀវទេសចរផ្ទៃក្នុង ចំនួនសរុប ១៩,៧០៩នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ២១៧នាក់ បានចេញដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។ ឯកឧត្ដមបណ្ឌិត មានប្រសាសន៍ថា ទោះបីនៅមានភ្ញៀវទេសចរចំនួនតិចនៅឡីយ តែមានការកើនឡើងខ្លះនៅតាមគោលដៅនានា ពោលគឺបានកើនចំនួនប្រមាណ១០.៧៤៩ នាក់ ស្មើ១២០ភាគរយ ធៀបនឹងរយៈពេលមួយសប្តាហ៍ មុនពេលបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលភ្ញៀវទេសចរមានចំនួនត្រឹមតែជាង ៨,៩០០នាក់។ ភ្ញៀវទេសចរ ភាគច្រើន គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ហើយ ការដើរកម្សាន្ត គឺភាគច្រើនជាលក្ខណៈគ្រួសារ។ ដោយឡែក ភ្ញៀវទេសចរពីភ្នំពេញ និងខេត្តកណ្តាល មិនទាន់មានចំនួនច្រើន នៅឡើយ ដោយសារការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ទើបត្រូវបានបិទបញ្ចប់នាថ្ងៃទី៦ ខែឧសភា។

ឯកឧត្ដម រដ្ឋមន្ត្រី កត់សម្គាល់ថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ដែលបានបើក ដំណើរការឡើងវិញ ភាគច្រើនជាគោលដៅដែលមានវិសាល ភាពធំទូលាយ ដែលមានភាពងាយស្រួលក្នុងការរក្សាគម្លាតសង្គម ដូចជាតំបន់ប្រាសាទអង្គរ តំបន់ឆ្នេរ តំបន់សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេងជាដើម ខណៈរមណីយដ្ឋានដែល មានលក្ខណៈកែច្នៃបែបឯកជនភាគច្រើន ម្ចាស់រមណីយដ្ឋាននៅមិនទាន់បើក ដំណើរឡើងវិញទេ ដោយនៅបន្តរង់ចាំមើលការវិវត្តន៍នៃជំងឺកូវីដ-១៩។

ឯកឧត្ដម មានប្រសាសន៍ថា គោលដៅទេសចរណ៍នៅតាមបណ្តាមូលដ្ឋានខេត្ត និងស្រុកមួយចំនួន អាជ្ញាធរនៅមិនទាន់អនុញ្ញាតឱ្យបើកដំណើរការឡើងវិញទេ អាស្រ័យលើការវិវត្តន៍ជាក់ស្តែងនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ហើយគោលដៅទេសចរណ៍មួយចំនួនបានបើក ដំណើរការឡើងវិញ ប៉ុន្តែមិនទាន់មានភ្ញៀវទៅកម្សាន្តនៅឡើយ។

កាលពីឆ្នាំ២០២០ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១លាន ៣១ម៉ឺននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩លាននាក់ ថយចុះ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិកាលពីឆ្នាំមុន បានធ្វើឱ្យឧស្សាហកម្មទេសចរណ៍កម្ពុជា បាត់បង់ចំណូលជាង ៣ពាន់លានដុល្លារអាមេរិក។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល រំពឹងថា វិស័យទេសចរណ៍របស់កម្ពុជា នឹងងើបឡើងវិញជាមួយនឹងការទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៥៕

ប្រភព៖ ក្រសួងព័ត៌មាន