ស្ងាត់ៗ! អាកាសយានដ្ឋានអន្តរជាតិថ្មីនៅលើទឹកដីអង្គរ សម្រេចការសាងសង់បាន ៤២% ហើយ
សេដ្ឋកិច្ច May 11, 2021 Khmernote

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបាន ៤២ភាគរយហើយ ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេសនិង រចនាបថអាកាសយានដ្ឋាន ។ ឯកឧត្តម​ ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃ លេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា មានប្រសាសន៍ថា បើទោះបីកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានការយឺតយ៉ាវការងារមួយចំនួនក៏ដោយ ក៏ប៉ុន្ដែការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីនៅលើទឹកដីអង្គរខេត្ដសៀមរាបនៅតែដំណើរការជាធម្មតា ពោលក្រុមហ៊ុនវិនិយោគបានបង្កើនការងារសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យសម្រេចគោលដៅដូចអ្វីដែលបានគ្រោងទុកឱ្យរួចរាល់នៅឆ្នាំ២០២៣ខាងមុខ ។

ឯកឧត្ដមបន្តថា មកដល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន( AIAI ) Angkor International Airport Investment (Cambodia)Co., Ltd សាងសង់សម្រេចបានជាង៤០ភាគរយហើយ ក្នុងនោះមានគម្រោងចំនួន៣ធំៗរួមមាន សង់សំណង់អគារ , សំណង់ដែលពាក់ព័ន្ធនឹងការចុះចតយន្ដហោះ និងសំណង់ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកម្មរបស់អាកាសយានដ្ឋាន ។

« ព្រលានយន្តហោះខេត្តសៀមរាបគិតមកដល់ក្នុងបំណាច់ខែ០៤នេះ គឺអនុវត្តបាន៤២ភាគរយហើយក្នុងគម្រោងរួម ហើយថាតើមានផលប៉ះពាល់អ្វីអត់? សម្រាប់ដំណើរការនេះគឺប្រាកដជាមាន ដោយសារតែការឆ្លងនៅក្នុងសហគមន៍នេះ មានការបិទការធ្វើដំណើរតាមខេត្តគឺមានការយឺតយ៉ាវមួយចំនួនតូចដែរ ប៉ុន្តែមិនទាំងស្រុងទេ ដោយយឺតយ៉ាវទៅលើការផ្លាស់ប្ដូរធនធានមនុស្ស ការធ្វើដំណើររបស់ជំនាញការមានការយឺតយ៉ាវខ្លះ អ៊ីចឹងគឺមិនយឺតយ៉ាវខ្លាំងក្លានោះទេ ហើយសម្រាប់ការអនុវត្តគម្រោងការនេះ គឺនៅតែអនុវត្តជាបណ្ដើរៗរហូត ដោយមិនមានការប៉ះពាល់អ្វីធំដុំនោះទេ »។

ឯកឧត្ដមបានបន្តទៀតថា ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវអាកាសយានអន្តរជាតិថ្មីមួយនាឆ្នាំ២០២៣ឆាប់ៗខាងមុខ ដែលនឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ។

សូមបញ្ជាក់ថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ៧០០ហិកតា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានរយៈពេល៣៦ខែ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦កន្លងទៅ៕

ប្រភព៖ ក្រសួងព័ត៌មាន