អូស្រ្តាលី ផ្ដល់ថវិកាបន្ថែមទៀតសម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា
សេដ្ឋកិច្ច May 11, 2021 Khmernote

កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅនេះ រដ្ឋាភិបាលអូស្រ្តាលីបានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)​ ដើម្បីផ្ដល់ថវិកា ៤លានដុល្លារអូស្រ្តាលី (ប្រមាណជាង ៣លានដុល្លារ) បន្ថែមទៀត សម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា ដោយកិច្ចព្រមព្រៀងនេះនឹងអនុវត្តភ្លាមៗតែម្ដង។

យោងតាមការចុះផ្សាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ថានទូតអូស្រ្តាលីនៅកម្ពុជាបានឱ្យដឹងថា ថវិកាបន្ថែមនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តអនុវត្តការងារ ពង្រឹងកម្មវិធីជំនួយសង្គម និងគាំទ្រដល់អាជីវកម្មក្នុងស្រុក ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពដែលពួកគេជួបប្រទះ​ ក្នុងអំឡុងពលដែលមានការរាតត្បាតជាសកលនៃជំងឺនេះ ព្រមទាំងអាទិភាពដទៃទៀតដែលត្រូវបានកំណត់ តាមរយៈការពិគ្រោះយោបល់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល។

ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ជំងឺកូវីដ-១៩ ធ្វើឳ្យមានបញ្ហាប្រឈមបន្ទាន់ដល់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។ ក្នុងនាមជាដៃគូនិងមិត្តភក្តិយូរអង្វែង យើងចង់ធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបន្ថយផលប៉ះពាល់ទាំងនេះ ជាពិសេសទៅលើជនងាយរងគ្រោះបំផុត។”

សូមជម្រាបផងដែរថា​ ថវិកាដែលផ្ដល់នេះ គឺជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្រ្តាលី – UNDP ជាមួយយន្តការមួយប្រកបដោយភាពទន់ភ្លន់ ដែលបាននឹងកំពុងផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងការឆ្លើយតប និងស្ដារផលប៉ះពាល់សង្គម សេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាត្បាតជាសកលនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ លីនី