ក្រសួងពាណិជ្ជកម្មថៃ បញ្ចេញរថយន្តដឹកទំនិញចល័តតូច-ធំ រាប់រយគ្រឿង លក់ទំនិញឱ្យប្រជាជនរស់នៅក្រុងបាងកក
សេដ្ឋកិច្ច May 11, 2021 Khmernote

ខណៈពេលវីរុស​ដែល Covid-19​ កំពុងបន្តរាតត្បាតនៅក្នុងប្រទេស ក្រសួងពាណិជ្ជកម្មថៃកាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅនេះបានបើកយុទ្ធនាការ លក់គ្រឿងទេសចល័ត ដើម្បីជួយកាត់បន្ថយថ្លៃដើម សម្រាប់ការរស់នៅរបស់ប្រជាជននៅក្រុងបាងកក។ ជាអធិបតីក្នុងពិធីបើកយុទ្ធនាការលក់គ្រឿងទេសចល័តថ្មី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បាននិយាយថា យុទ្ធនាការចុងក្រោយបំផុតមានរថយន្តដឹកទំនិញចល័ត ៧៣០ គ្រឿង និងរថយន្តដឹកទំនិញធុនតូចលក់ផលិតផល ៧៣ប្រភេទ ក្នុង ៦ផ្នែក ជាមួយនឹងការបញ្ចុះតម្លៃ ពី ៥-៦០%។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងបន្ថែមថា ផលិតផលដែលក្រសួងបានដាក់លក់រួមទាំងមុខទំនិញម្ហូបអាហារមានដូចជា៖ អង្ករ ស៊ុតប្រេងឆា ស្ករស មីកញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ គ្រឿងទេស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតផលថែរក្សារាងកាយ ផលិតផលសំអាត និងថ្នាំ។

លោក Jurin ក៏បានបន្ថែមទៀតថា រថយន្តគ្រឿងទេសចល័តនឹងចតនៅតាមបណ្តាស្រុកទាំង ៥០ នៅទូទាំងទីក្រុងបាងកករយៈពេលកន្លះថ្ងៃមុនពេលផ្លាស់ទៅចំណុចផ្សេងៗ ហើយពួកគេនឹងចូលក្នុងសហគមន៍ប្រហែល ៤០០-៥០០ ។ មិនតែប៉ុណ្ណោះ សេវាកម្មនេះនឹងចាប់ផ្តើមដោយបម្រើប្រជាជននៅក្រុងបាងកក រយៈពេលមួយខែគិតចាប់ពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី ៨ ខែមិថុនាឆ្នាំនេះ និងជួយកាត់បន្ថយការចំណាយសរុបក្នុងការរស់នៅប្រមាណ ២៥០ លានបាត។

គួរបញ្ជាក់ផងដែរថា យោងតាមលោក Wattanasak Sur-iam អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបាននិយាយថា ជាលទ្ធផលនៃរលករាតត្បាតចុងក្រោយ ប្រជាជនត្រូវបង្កើនការចំណាយលើរបស់របរចាំបាច់ដូចជា អាហារ និងគ្រឿងឧបភោគបរិភោគ ដល់ទៅ ២០-៣០% ក្នុងអំឡុងពេលឈប់សម្រាកនៅពេលពួកគេស្នាក់នៅផ្ទះដើម្បីជៀសវាងការឆ្លងនសវីរុសរាតត្បាត៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost