ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសកើនឡើងជាង ៨៧ ភាគរយ
សេដ្ឋកិច្ច May 10, 2021 Khmernote

រដ្ឋមន្រ្តីកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ ២០២១នេះ កម្ពុជានាំចេញកសិផល ទៅក្រៅប្រទេស កើនឡើងជាង៨៧ ភាគរយ ទោះជាកម្ពុជាស្ថិតក្នុងស្ថានភាពនៃការឆ្លងរាល ដាលជំងឺកូវីដ-១៩ក៏ដោយ ។ ថ្លែងពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជា ចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថាបច្ចុប្បន្ននេះ ផ្ទៃដីផលិតកម្មដំណាំស្វាយនៅកម្ពុជា មានការកើនឡើងជាលំដាប់ ដែលបង្ហាញពីសក្តានុពលមួយតម្រូវឱ្យមានកិច្ចអន្តរាគមន៍គ្រប់ជ្រុងជ្រោយនៅក្នុងខ្សែច្រវាក់តម្លៃនៃដំណាំនេះ រួមទាំងជំរុញការកែច្នៃក្នុងស្រុកនិងរកទីផ្សារដើម្បីនាំចេញ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់អគ្គនាយកដ្ឋានកសិកម្ម ក្នុង រយៈពេល៤ខែ ដើមឆ្នាំ ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុបចំនួន ៣ ៨២៦ ៤៣២,៨៥តោន ទៅកាន់ទិសដៅ ៥៤ប្រទេស កើន ឡើងចំនួន ១ ៧៨៤ ០០៦, ៨០ តោន (៨៧.៣៥%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលមានចំនួនតែ ២ ០៤២ ៤២៦តោន។

ដោយឡែក ការនាំចេញផ្លែស្វាយស្រស់មានចំនួន ១៤២ ៥៥៦តោន កើនឡើងចំនួន ២៣៩.១៣% ដំណាប់ស្វាយមានចំនួន ៨ ៤១៤ តោន (កើនឡើងចំនួន ១៣២.៨៤%) និងទឹកស៊ីរ៉ូស្វាយមានចំនួន ២ ១៨៣ តោន (កើនឡើងចំនួន ៥១.០៣%) ។

ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងទៀតថា កំណើននៃបរិមាណនាំចេញនេះ ទោះជាកម្ពុជា ស្ថិតក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ- ១៩នេះក៏ដោយ គឺពិតជាបានឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទាំងបរិមាណ និងគុណភាពនៃផលិតកម្មកសិ កម្មនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ វិធានការអនាម័យនិងភូតគាមអនាម័យ គឺបាននិងកំពុងដើរតួនាទីមិនអាចខ្វះបានក្នុងការធ្វើជាស្ពានចម្លងផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស ពិសេសផលិតផលកសិកម្មមួយចំនួន ដែលជាប្រភេទផលិតផលជាប់កម្រិតកំណត់ ឬជាក្រុមផលិតផលដែលមានកម្រិតហានិភ័យខ្ពស់ ដែលការនាំ ចេញទំនិញប្រភេទនេះ ទាមទារឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារ ជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃ ពាក់ព័ន្ធនឹងការនាំចូលទំនិញដែលបានស្នើសុំ។

យោងតាមស្ថិតិឆ្នាំ២០២០ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយមានចំនួន ១៣១ .៨៩០ហិកតា ផ្ទៃដីដែលអាចប្រមូលផលមានចំនួន ៩១ ១០៤ ហិកតា និងទិន្នផលជា មធ្យមទទួលបាន ១៥តោនក្នុងមួយហិកតា ហើយរដូវដែលកម្ពុជាអាចមានបរិមាណស្វាយស្រស់ប្រមាណជា ១ ៣៨២ ៤១៤តោន ក្នុងមួយរដូវជាមធ្យម៕

ប្រភព៖ ក្រសួងព័ត៌មាន