រដ្ឋាករទឹក សម្រេចមិនយកថ្លៃទឹក ៣ខែ ពីកម្មករ និងសិស្ស-និស្សិត ស្នាក់នៅផ្ទះជួល ក្នុងតំបន់ក្រហម ចំនួន ៨៧០ទីតាំង នៅភ្នំពេញ និងក្រុងតាខ្មៅ
សេដ្ឋកិច្ច May 10, 2021 Khmernote

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី៨ ខែឧសភា បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចមិនយកថ្លៃទឹកចំនួន ៣ខែ ពីកម្មករ-កម្មការិនី និងសិស្ស-និស្សិត ដែលកំពុងរស់នៅ​តំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ការសម្រេចមិនយកថ្លៃការប្រើប្រាស់ទឹកស្អាតនេះ គឺតបតាម ប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋាមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយយោងតាមប្រសាសន៍អំពាវនាវនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមជួយសម្រួលបន្ទុកដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល ៣ខែ គឺខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋានផ្ទះជួលដែល កម្មករ កម្មការិនី សិស្ស និសិ្សត កំពុងសា្នក់នៅចំនួន ៨៧០កន្លែង ដែលបានចុះបញ្ជីជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថិតនៅក្នុងតំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅក្នុងអំឡុងពេលនៃការបិទខ្ទប់។

សូមបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋាមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃទឹកជូនដល់ កម្មករ កម្មការិនី សិស្ស និសិ្សត កំពុងស្នាក់នៅតំបន់បិទខ្ទប់ ក្នុងអំឡុងពេលដែលពួកគេកំពុងជួបការលំបាកដោយសារវវីរុសកូវីដ-១៩ រាតត្បាត៕

អត្ថបទ៖ លីនី