សម្តេចតេជោ ហ៊ុន សែន បញ្ចេញ ស្បៀងអាហារចែកជូនពលរដ្ឋយ៉ាងច្រើនមិនធ្លាប់មាន ក្នុងគោលបំណងតែមួយគត់ គឺចង់ឱ្យប្រជាពលរដ្ឋមានភាពសុខសាន្ត និង ចៀសផុតពីកូវីដ -១៩
សេដ្ឋកិច្ច May 8, 2021 Khmernote

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងតំណាក់កាល​នេះ បាន​បញ្ចេញ​ស្បៀងអាហារ ដើម្បី​ចែកជូន​ពលរដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មិន​ធ្លាប់មាន​នាពេល​កន្លងមក។ សកម្មភាព​បែបនេះ របស់​សម្ដេច​តេ​ជោនាយករដ្ឋមន្រ្តី មាន​គោលបំណង​តែមួយគត់ គឺ​ចង់​ជួយ​ចែករំលែក​ការលំបាក​របស់​ប្រជាពលរដ្ឋ ចៀសអោយផុត​ពី​ជម្ងឺ​កូ​វីដ​-១៩ ។

ទាំងនេះ​ជាការ​លើកឡើង​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ ប្រព័ន្ធ video ដែលបានប្រារព្ធធ្វើឡើងកាលពី​រសៀល​ថ្ងៃទី​០៧ ឧសភា​ ឆ្នាំ២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​ការងារ​នៃ​ការបង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត អាច​ឈានទៅ​កាត់ផ្ដាច់​បាន នូវ​ការរីក​រាលដាល​នៃ​ជម្ងឺ​កាច​សាហាវ​នេះ។

ឯកឧត្តម ឃួ​ង ស្រេង ក្នុងឱកាសនោះក៏បាន​ណែនាំ​ថា តំបន់​ក្រហម ក្រៅពី​ការបិទ​ខ្ទប់​ហើយ កម្លាំង​ត្រូវ​ល្បាត​ខាងក្នុង ជាមួយនិង​ការដាក់​មីក្រូ​ផ្សព្វផ្សាយ អោយ​ពួកគាត់​ចូលរួម​អនុវត្ត​ទៅតាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​ក្រសួង សុខាភិបាល​និង​អាជ្ញាធរ សំដៅ​ធ្វើយ៉ាងណា កុំអោយ​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩​នេះ ​នៅក្នុង​តំបន់ និង​ទៅ​ក្រៅ​តំបន់ ។ ជាងនេះទៀត​ក៏ត្រូវ​មើល​ពី​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ បើ​មានការ​ខ្វះខាត​យើង​ជួយ​ផ្តល់ជូន​ពួកគាត់​ភ្លាម​។

ចំពោះ​វិធាន​ការបិទ​ខ្ទប់​នៅ​តំបន់​ក្រហម​នេះដែរ ឯកឧត្តម ​ឃួ​ង ស្រេង ក៏បាន​ណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ដែល មូលដ្ឋាន​របស់ខ្លួន​មាន​តំបន់​ក្រហម​ត្រូវអនុវត្ត​ការងារ​កុំ​តឹងរឹង​ពេក ហើយក៏​កុំ​ធូរ​ពេក​ដែរ​មានន័យថា បើ​ពួកគាត់​មានការ​ចាំបាច់ មាននៅ​ក្នុង​ការសម្រេច​របស់​រាជរដ្ឋាភិបាល សម្រួល​អោយ​ពួកគាត់​បានចេញ ចូលទៅ​។

គួរ​បញ្ជាក់ដែរ​ថា ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈប្រព័ន្ធ video កាលពីថ្ងៃម្សិលមិញនេះ អភិបាលខណ្ឌ​ពាក់ព័ន្ធ​មួយចំនួន ក៏បាន​រាយការណ៍​អំពី​ស្ថានភាព​នានា​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ជុំវិញ​ការវិវត្ត​នានា​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​យក​ចំណុច​ទាំងនោះ មក​ពិភាក្សាគ្នា ស្វែងរក​ចំណុច​ល្អៗ ដែល​ធ្វើយ៉ាងណា ដែល​អាចឈាន​ទៅដល់​ការផ្តាច់​ជម្ងឺ​កូ​វីដ​-១៩ បាន​ជោគជ័យ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​៕

ប្រភព៖ ក្រសួងព័ត៌មាន