ព្រលានយន្តហោះអន្តរជាតិតារាសាគរ ខេត្តកោះកុង ត្រូវបានពន្យារពេលបើកដំណើរការដោយសារវិបត្តិកូវីដ-១៩
សេដ្ឋកិច្ច May 8, 2021 Khmernote

ព្រលានយន្តហោះអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង ត្រូវបានពន្យារពេលបើកដំណើរការ ដោយសារវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យមានការយឺតយ៉ាវដល់ដំណើរការដឹកជញ្ជូនភ្ញៀវតាមផ្លូវអាកាសទៅកាន់ខេត្តទេសចរណ៍ជាប់មាត់សមុទ្រដ៏សំខាន់នេះ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ព្រលានយន្តហោះអន្តរជាតិតារាសាគរ បានបញ្ចប់ការ សាងសង់កាលពីចុងឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែនៅសល់ការងារ ចាំបាច់មួយចំនូនដែលត្រូវរៀបចំឱ្យបានរួចរាល់ ដែលគ្រោងបើក ប្រតិបត្តិការហោះហើរជាលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២១នេះ ។

ឯកឧត្តមបានបន្តថា ប៉ុន្តែគម្រោងបើកប្រតិបត្តិការហោះហើរជាលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ គឺត្រូវបាន ពន្យារពេលមួយរយៈសិន ដោយសារប្រទេសកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ ។

សំឡេង ៖ « ពាក់ព័ន្ធនឹងព្រលានយន្តហោះតារាសាគរ ខ្ញុំធ្លាប់ជម្រាបកន្លងមកហើយគឺព្រលានយន្តហោះនេះបានបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែនៅសល់ការងារមួយចំនួនដូចជាការផ្ដល់និងពិនិត្យវិញ្ញាបនបត្រ សម្រាប់កិច្ចដំណើរការអាកាសយានដ្ឋាន នេះ ដោយការងារនោះយើងត្រូវការការរៀបចំឯកសារច្រើន ឯកសារបច្ចេកទេស និងឯកសារ ប្រតិបត្តិការ ជាពិសេសការធ្វើតេស្តការសាកល្បងជាច្រើន តែដោយសារមានវិបត្តិនៃជំងឺកូវីដ-១៩នេះបានធ្វើឱ្យកិច្ចដំណើរការនេះមានភាពយឺតយ៉ាវ គឺដោយសារបញ្ហាការបិទផ្លូវ មានការតឹងតែងក្នុងការចេញ-ចូលដែលធ្វើឱ្យមានការយឺតយ៉ាវខ្លះ ដូច្នេះសង្ឃឹមថាមុនបំណាច់ឆ្នាំ២០២១នេះនឹងអាចដំណើរការបាន ដោយសារតែតាមផែនការពីមុន គឺក្នុងខែ០៧អាចឱ្យប្រតិបត្តិការបាន ប៉ុន្តែប្រហែលជាអាចមានការយឺតយ៉ាវពីរបីខែ ទៀត» ។

ឯកឧត្តម បានបន្តទៀតថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុនចិន ឈ្មោះ Tianjin Union Development Group(UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចសរុប រាប់ទាំងព្រលានយន្ដហោះ និងការអភិវឌ្ឍតំបន់ផ្សេងៗទៀតដល់ទៅ៤ម៉ឺន៥ពាន់ហិកតា នៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ ។

សូមបញ្ជាក់ថា ការសាងសង់ព្រលានយន្ដហោះតារាសាគរ នៅដំណាក់កាលទី១ ដែលចំណាយអស់ថវិកាប្រមាណ ៣៥០លានដុល្លារ គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា។ អាកាសយានដ្ឋាននេះ មានសមត្ថភាព អាចផ្ទុកយន្តហោះធុន Boeing 777 និងAirbus A34០ ដែលជាប្រភេទ យន្តហោះ ខ្នាតធំ ។ ដោយឡែកក្នុងដំណាក់កាលទី២និងទី៣ គឺត្រូវរង់ចាំមើលកំណើនពី១០ទៅ១៥ឆ្នាំបន្ថែមទៀតថាតើមានតម្រូវការប៉ុណ្ណា បើសិនមានតម្រូវការបន្ថែមក្រុមហ៊ុននឹងពង្រីកបន្ថែមទៀត ៕

ប្រភព៖ ក្រសួងព័ត៌មាន