ត្រៀមៗ! គម្រោងវិនិយោគរោងចក្រតម្លៃរាប់លានដុល្លារ កំពុងបោះពួយចូលខេត្ត ២នេះ
សេដ្ឋកិច្ច May 7, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មុននេះបន្តិច បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន GREEN POWER BIOCHEMICAL CO., LTD និងក្រុមហ៊ុន CONTENDER COMPOSITE CO., LTD។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន GREEN POWER BIOCHEMICAL CO., LTD មានគម្រោងបង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៣កន្លែង។

ដោយឡែកសម្រាប់ក្រុមហ៊ុន CONTENDER COMPOSITE CO., LTD មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨៨នាក់៕

អត្ថបទ៖ លីនី